ផ្លួវខេត្តសំខាន់ៗចំនួនពីរនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ

ដោយៈគង់ ម៉ាលីនណា

ស្វាយរៀងៈផ្លូវសំខាន់ៗចំនួន២ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

បច្ចុប្បន្នផ្លូវទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ដោយរលូន។ នេះបើតាមការឲ្យដឹងពី លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវផ្ទាល់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។

លោកអ៊ុក រ៉ាប៊ុនបានឲ្យដឹងថា ផ្លូវសំខាន់ៗចំនួន២ ខ្សែ នៅខេត្តស្វាយរៀង រួមមាន – ខ្សែទី១៖ ប្រវែង ៩,១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹក ស្រុករំដួល។ ជាលទ្ធផលសម្រេចបាន ៥៣ភាគរយ ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។

– ខ្សែទី២៖ ប្រវែង ២៤,៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ៨ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន៤ខ្សែ ប្រវែងសរុប៥៧,២០០គីឡូ​ម៉ែត្រ ជាគម្រោងស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ អនុវត្តនៅខេត្តគោលដៅទាំង១០ ដោយធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ ។

គម្រោងនេះ ចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនីហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here