ភាគហ៊ុននិកវិនិយោគអចលនទ្រព្យប្តឹងលោកបណ្ឌិតគួយ ធាវីពីបទរំលោភសេចក្តីទុកចិត្ត ជេរប្រមាទនិងគំរាមកំហែង

  ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមភាគហ៊ុននិកវិនិយោគលើគំរោងអចលនទ្រព្យ ពុះដីឡូត៍លក់ នៅក្រុងប៉ៃលិនចំនួន២២នាក់ តំណាងសមាជិក៦៦នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹង លោកបណ្ឌិតគួយ ធាវីទៅកាន់អយ្យការសាលាតំបូងខេត្តប៉ៃលិន ។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីការសុំជួបចចារ មិនបានសម្រេចរវាងពួកគាត់ និងលោកបណ្ឌិតគួយ ធាវី មិនបានជោគជ័យ ហើយថែមទាំងពួកគាត់រងការជេរប្រមាទ គំរាមកំហែងពីបណ្ឌិតរូបនេះ យ៉ាងចាស់ដៃទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំណាងភាគហ៊ុននិក ដែលគ្រាន់តែប្រាប់ឈ្មោះខ្លួនឯងថា កុសលបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី៩ ឧសភានេះថា កាលពីអំឡុងខែ​ឧសភា ឆ្នាំ២០១៩ ពួកគាត់បានចូលរួមសិក្ខាសាលាជាលើកទី១ ជាមួយ​លោកបណ្ឌិតគួយ ធាវី ដែលសិក្ខាសាលានោះ បានធ្វើឡើងនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ     និងលើកទី២ធ្វើឡើងនៅខេត្តប៉ៃលិន អំឡុងឆ្នាំដដែលនេះ ដោយប្រមូលលុយបានសរុប ជិត២០០,០០០ដុល្លារអាមេរិក ដើម្បីយកទៅទិញដីទំហំជាង២ហិកតា ពុះឡូត៍លក់ នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

លោកបន្តថា “ដោយសារការជឿទុកចិត្ត លោកបណ្ឌិតគុយ ធាវី ពួកគាត់ទាំង៦៦នាក់បានប្រមូលលុយ តាមលទ្ឋភាពទិញដីរួមគ្នា ដោយមិនមានធ្វើកិច្ចសន្យា ឬលិខិតស្នាមពីការចូលភាគហ៊ុន ប្រថាប់ត្រាមេធាវីអ្វីត្រឹមត្រូវឡើយ”។ លោកបន្តថា “ដោយសារការជឿទុកចិត្ត និងគិតថាគាត់ជាមនុស្សល្អ ជាសាស្រ្តាចារ្យ ទើបពួកគាត់បានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបានចូលជាលុយសុទ្ឋ អ្នកខ្លះវេតាមវីង និងអ្នកខ្លះចូលតាមការវេពីធនា​គារABAជាដើម”។

ជាមួយគ្នានេះ សហភាគហ៊ិុននិកមួយរូបទៀតឈ្មោះសុង បាននិយាយឲ្យដឹងថា ក្នុងពេលទិញដីនេះ លោកបណ្ឌិតគុយ ធាវីសន្យានឹងបង្កើតក្រុមហ៊ុនរួមមួយ ប៉ុន្តែស្រាប់តែគាត់លួចបង្កើតក្រុមហ៊ុនមួយ ដោយដាក់ឈ្មោះខ្លួនឯងថា “ក្រុមហ៊ុនគួយ ធាវី រៀលអេស្ទេត ដោយគាត់លើកឡើងថា ការបង្កើតក្រុមហ៊ុនដាក់ឈ្មោះរបស់លោក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាត់ចែង ពិសេសការបើកគណនីធនាគារ ក៏គាត់ក្បត់សន្យា ទៅបើកតែម្នាក់ឯង ដោយមិនដាក់ឈ្មោះភាគហ៊ុននិក តាមអ្វីដែលគាត់បានសន្យាផងដែរ”។

ការទិញដីឡូត៍ ដែលមានរាងដូចដងពូថៅនេះ បានយកមកពុះឡូត៍បានសរុបចំនួនឆ១២៣ឡូត៍ ប៉ុន្តែការបង់លុយជូនម្ចាស់ដី មិនទាន់គ្រប់នោះទេ រហូតមកទល់ពេលនេះ ដោយម្ចាស់ដីបាននិងកំពុងគិតរកនិតិវិធី ដើម្បីកាត់ដី តាមចំនួនទឹកប្រាក់ដែលនៅសល់ត្រលប់មកវិញផងដែរ។

ទំហំឡូត៍ដែលបានពុះគឺ មានទំហំ៥គុណនឹង២០ម៉ែត្រ ដោយលក់ក្នុងតម្លៃចន្លោះពី៣០០០ ទៅ៥៦០០ដុល្លារក្នុងមួយឡូត៍។

លោកកុសលបានបន្តឲ្យដឹងទៀតថា ដោយសារការក្បត់កិច្ចសន្យានេះ ការលក់ដីឡូត៍នេះ ទឹកប្រាក់ដែលទទួលបាន គឺឺលោកបណ្ឌិតគុយ ធាវីបានវេបញ្ចូលក្នុងគណនីខ្លួនឯងទាំងអស់ ដោយគ្មានជូនដំណឹងដល់ភាគហ៊ុននិកដទៃទៀតបានដឹងឡើយ ហើយនៅពេលសួរនាំពីរឿងនេះ លោកបណ្ឌិតរូបនេះ តែងតែជេរប្រទេច ប្រមាទមិនចេះចប់មិនចេះហើ់យ។

ទោះជាយ៉ាងណាក្នុងចំណោមពួកគាត់ ជាម្ចាស់ភាគហ៊ុននិក ដែ​លលង់ជឿសម្តីរបស់បណ្ឌិតរូបនេះ នៅមានភស្តុតាងជាច្រើនពីការវេសាច់ប្រាក់ចូលគណនីរបស់លោកបណ្ឌិតផងដែរ។

លោកបន្តថា នៅពេលសួរនាំពីបញ្ហាលុយកាត់ ក្រៅពីការជេរប្រមាទ លោកបណ្ឌិតុយ ធាវីបានរុញ និងគំរាមឲ្យភាគហ៊ុននិកទាំង៦៦នាក់ ប្តឹងម៉ាសេរី ដោយលោកលើកពីឋានៈតួនាទីរបស់គាត់ ដែលមានការតែងតាំងដោយព្រះរាជក្រិតត្រឹមត្រូវ។

លោកកុសលបានប៉ាន់ប្រមាណថា លុយដែលប្រមូលបានពីការលក់ដីនេះមានចំនួនច្រើន រាប់ម៉ឺនដុល្លារអាមេរិក ដោយសារដីនេះមានអ្នកទិញខ្លះបានបង់លុយផ្តាច់ និងអ្នកទិញខ្លះបានបង់រំលស់ប្រចាំខែ ប៉ុន្តែចរន្តលុយបែបណា ពួកគាត់មិនត្រូវបានទម្លាយឲ្យដឹងឡើយ ក្រៅពីការជេរប្រមាទ និងការរកវិធីកំចាត់ភាគហ៊ុននិកម្តងម្នាក់ៗ ចេញពីក្នុងក្រុម ដោយរកវិធីចោទ និងលេសមិនចេះចប់ មិនចេះហើយ។

យោងតាមពាក្យបណ្តឹង ដែលបានដាក់ចូលអយ្យការអមសាលាដំបូងខេត្តប៉ៃលិនចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ អមដោយស្នាមមេដៃ និងមានការប្រថាប់ត្រាពីមេធាវី លោកហែម ពល មានកម្មវត្ថុចែងថា សូមប្តឹងពីឈ្មោះគួយ ធាវី ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០១០ ៨៩០ ៦៩៣ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំលោភសេចក្តីទុកចិត្ត បទជេរប្រមាទ និងបទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា391, 394, 307, និងមាត្រា២៣១នៃក្រមព្រហ្មទ័ណ្ឌ។

សេចក្តីដូចបានជំរាបជូនក្នុងកម្មវត្ថុខាងលើ យើងខ្ញុំសូមជំរាបឯកឧ    ត្តម​ព្រះរាជអាជ្ញាឲ្យបានជ្រាបថា  កាលពីអំឡុងឆ្នាំ២០១៩ ឈ្មោះគួយ ធាវីមានមុខរបរជាមន្រ្តីរាជការ និងជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានធ្វើការអំពាវនាវ ដល់សាធារណៈជនរួមមាន ទាំងយើងខ្ញុំទាំងអស់គ្នាផង ឲ្យមានការដាក់ទុនចូលហ៊ុនជាមួយគាត់ ក្នុងការទិញដីពីប្រជាពលរដ្ឋ ពុះជាឡូត៍លក់បានប្រាក់ចំណេញចែកគ្នា។

ម្យ៉ាងដោយឃើញគាត់បង្រៀនLIVE តាមFacebook បង្ហាញពីភាពជោគជ័យ នៃការធ្វើអាជីវកម្ម យើងខ្ញុំកើតមានជំនឿទុកចិត្ត លើសមត្ថភាពរបស់គាត់ ក៏បានដាក់ទុនជាប្រាក់ចូលហ៊ុនជាមួយគាត់ ទៅតាមលទ្ឋភាពរបស់សមាជិកនិមួយៗ សរុបជាទឹកប្រាក់មានចំនួន២៧៦,៥១៨ដុល្លារ(តម្លៃដី)។

ពាក្យបណ្តឹងដដែលបានសរសេរថា ក្រោយមកបន្ទាប់ពីដំណើរការពុះដីឡូត៍លក់ បានប្រាក់ជាបន្តបន្ទាប់ ឈ្មោះគួយ ធាវីបានបង្ករឿងប្រឌិតកំហុ​ស ដេញកំចាត់កំចាយសមាជិក មិនឲ្យសមាជិក ដែលចូលហ៊ុនបានដឹងបានលឺ បានឃើញនូវសកម្មភាពអាជីវកម្មនេះទេ។ រីឯប្រាក់ចំណូលដែលបានមកពីការលក់ដីឡូត៍នេះ ឈ្មោះគួយ ធាវីបានគៃបំបាត់ យកធ្វើជាប្រយោជន៍របស់បុគ្គលគាត់តែម្នាក់ឯងគត់ ពុំបានបែងចែកភាគភាពដល់សមាជិកហ៊ុនណាម្នាក់សោះឡើយ រហូតដល់បច្ចុប្បន្ន ថែមទាំងបានបោះពាក្យ និងជម្រុញឲ្យពួកខ្ញុំថា “ចង់ឲ្យពួកខ្ញុំទៅប្តឹងឯណា ក៏ប្តឹងទៅ” ព្រមទាំងជេរប្រមាទ និងគំរាមកំហែង រកចាប់ដាក់គុក មកលើរូបយើងខ្ញុំដែលជាជនរងគ្រោះយ៉ាងឃោរឃៅបំផុត។

ពាក្យបណ្តឹងនេះបានបន្តថា អាស្រ័យហេតុនេះ យើងខ្ំុំទាំងអស់គ្នា សូមសំណូមពរឯកឧត្តមព្រះរាជអាជ្ញា មេត្តាជួយរកយុត្តិធ៌មដល់រូបយើងខ្ញុំផង ដោយសួមផ្តន្ទាទោសជនល្មើសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តពីឈ្មោះគួយ ធាវីចំនួន១លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ភាគហ៊ុននិក ដែលពួកគាត់ភាគច្រើនគ្មានបទពិសោធន៍លើការវិនិយោគអចលនទ្រព្យ បានបញ្ជូនវីដេអូជេរប្រមាទយ៉ាងច្រើនមកកាន់គេហទំព័រPropertyarea.asia ដើម្បីជួយចុះផ្សាយតាមការគួរ និងទុកជាមេរៀន សម្រាប់អ្នកចង់ប្រឡូកក្នុងវិស័យនេះផងដែរ។

ការទាក់ទងសុំការបំភ្លឺពីលោកបណ្ឌិតគួយ ធាវីមិនបានជោគជ័យទេ ប៉ុន្តែតាមរយៈសារវីដេអូរបស់លោក លោកបានចោទប្រកាន់ភាគហ៊ុននិកទាំងអស់ត្រលប់វិញ និងស្នើឲ្យភាគហ៊ុននិកទាំងអស់ ជួបគ្នានៅតុលាការ ដើម្បីដោះស្រាយបញ្ហានេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here