ដោយៈលាងហួរ
ប្រទេសចិនៈ ប្រទេសចិនបានសម្តែងការមិនពេញចិត្ត និងច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីថ្លែងការណ៍ របស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបស្តីពី ការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិអាណត្តិទីប្រាំមួយ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដោយជំរុញឱ្យអ្នកនយោបាយ សហភាពអឺរ៉ុបបញ្ឈប់ការជ្រៀតជ្រែក ចូលក្នុងកិច្ចការទីក្រុងហុងកុង។
ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ដោយលទ្ធផល លោក John Lee ត្រូវបានជាប់ឆ្នោតជានាយកប្រតិបត្តិដោយសម្លេងភាគច្រើន លើសលប់ស្របតាមច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានអះអាងថា សហភាពអឺរ៉ុបចាត់ទុកការបោះឆ្នោតនេះថាជា “ការរំលោភលើគោលការណ៍ប្រជាធិបតេយ្យ និងពហុនិយមនយោបាយ” ដោយហៅវាថា “ជំហានមួយទៀត ក្នុងការរំលាយគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រង២របស់ហុងកុង។
ទីក្រុងប៉េកាំងបាននិយាយថា ភាគីសហភាពអឺរ៉ុបមិនយកចិត្តទុកដាក់លើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន សម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ បាននិយាយបង្កាច់បង្ខូចការបោះឆ្នោតរបស់ SAR និងបានជ្រៀតជ្រែក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រួមទាំងកិច្ចការហុងកុង ។
អ្នកនាំពាក្យម្នាក់បានអោយដឹងថា គេកត់សម្គាល់ឃើញថា ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិលើកដំបូង ដែលធ្វើឡើង បន្ទាប់ពីការធ្វើអោយទីក្រុងហុងកុង មានសណ្តាប់ធ្នាប់ឡើងវិញ។
ដោយទទួលស្គាល់ការ ចូលរួមជាសាធារណៈយ៉ាងទូលំទូលាយ និងស៊ីជម្រៅក្នុងការបោះឆ្នោត អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនេះមានភាពយុត្តិធម៌ មិនលំអៀង និងមានសណ្តាប់ធ្នាប់ បង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ។
លោក Lee ត្រូវបានបោះឆ្នោតជ្រើសរើសជាមួយ នឹងសម្លេងឆ្នោត៩៩.១៦ភាគរយ ដែលអ្នកនាំពាក្យជឿជាក់ថា លោកLeeទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងសន្ធឹកសន្ធាប់។
អ្នកនាំ ពាក្យ រូប នេះ បាន បន្ថែម ថា ការពិត បាន បង្ហាញ ថា ប្រព័ន្ធ បោះ ឆ្នោត ថ្មី របស់ ទីក្រុង ហុងកុង គឺ ជា ប្រព័ន្ធ មួយ ដែល មាន ប្រសិទ្ធភាព ស្រប តាមគោលការណ៍ “ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រង ពីរ” និង ធាតុ ពិត របស់ ហុងកុង។
បេសកកម្មរបស់ចិនបានជំរុញឱ្យភាគី EU គោរពតាមច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ហើយបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រួមទាំងកិច្ចការហុងកុងក្នុងគ្រប់រូបភាព ដើម្បីចៀសវាងការបំផ្លាញទំនាក់ទំនងចិន -សហភាពអឺរ៉ុបទាំងមូល៕