អ្នកជំនាញៈអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងជួបវិបត្តិជុំវិញការឡើងថ្លៃនៃសម្ភារៈសំណង់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលពិភពលោកកំពុងជួបប្រទះ នឹងបញ្ហានៃការឡើងថ្លៃប្រេងឥន្ធនៈ ក៏បានឱ្យទំនិញនានាប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើងដូចគ្នាផងដែរ ក្នុងនោះសម្ភារៈសំណង់ក៏ឃើញថាបានឡើងថ្លៃ និងកំពុងធ្វើឱ្យអ្នកសាងសង់កំពុងជួបប្រទះនឹងបញ្ហា ដែលធ្វើឱ្យការសាងសង់ចំណាយច្រើន តែការលក់មិនឡើងថ្លៃ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ មេសានេះថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យកម្ពុជានិងប្រទេសជាច្រើន មានបញ្ហាប្រឈមដូចគ្នាទៅលើសេដ្ឋកិច្ច ដែលធ្វើឱ្យការដឹកជញ្ជូនមានផលប៉ះពាល់ខ្លាំង ដោយតម្លៃនៃការដឹកជញ្ជូនបានកើនឡើងទ្វេរដង ដូចជាការដឹកជញ្ជូនពីប្រទេសចិនមកកាន់កម្ពុជា និងការដឹកជញ្ជូនពីកម្ពុជាទៅបណ្ដាប្រទេសអឺរ៉ុបជាដើម។

លោកបន្តថា “ដោយសារការដឹកជញ្ជូនមានការឡើងថ្លៃ ដូច្នេះបានធ្វើឱ្យទំនិញ ដែលត្រូវទិញពីក្រៅប្រទេសមកបម្រើការងារ ក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងដូចគ្នាដែរ”។

លោកបន្តថា “វាជាបញ្ហាប្រឈមសម្រាប់អ្នកសាងសង់ ដែលត្រូវយកសម្ភារៈសំណង់មកពីក្រៅថ្លៃជាងមុន តែការលក់ទៅវិញមិនអាចបានថ្លៃនោះទេ ពីព្រោះថាបើសិនជាយើងលក់ថ្លៃនោះ នឹងមិនមានអ្នកទិញច្រើននោះដែរ ដោយសារតែពលរដ្ឋកម្ពុជាភាគច្រើន នៅមិនទាន់ស្ដារសេដ្ឋកិច្ចគ្រួសារ របស់ខ្លួនបានល្អប្រសើរដូចមុនកូវីដ១៩នៅឡើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ចណ្ណាបានបន្តឲ្យដឹងថា ក្នុងស្ថានភាពបែបនេះ ការលក់មិនសូវជាបានថ្លៃ តែការចំណាយថ្លៃដើមបែរជាខ្ពស់ទៅវិញ ដែលធ្វើឱ្យមានបញ្ហាប្រឈមចំពោះសេដ្ឋកិច្ច ចំពោះអ្នកអភិវឌ្ឍន៍សំណង់ក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា ក្រៅពីបញ្ហាប្រឈមខាងលើនេះ ក៏មានបញ្ហាមួយចំនួនទៀត កំពុងកើតឡើងលើវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាយើងដែរ។ វិស័យអចលនទ្រព្យកម្ពុជាបានពឹងផ្អែក ទៅលើវិនិយោគិនរបស់ចិន ហើយទោះបីជាកម្ពុជា បានធូរស្រាលលើវិបត្តិកូវីដ១៩ក្ដី ក៏ប្រភពវិនិយោគធំរបស់កម្ពុជាគឺពីប្រទេសចិន មិនទាន់បានចូលមកច្រើននៅឡើយ ដោយសា​រតែស្ថានភាពកូវីដ១៩នៅប្រទេសចិន នៅតែបន្តមានបញ្ហា ដូចយើងបានលឺទាំងអស់គ្នាហើយតំបន់មួយចំនួន នៅប្រទេសចិនបានបិទខ្ទប់ដដែល។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ផងដែរថា ផលប៉ះពាល់មកលើវិស័យសំណង់កម្ពុជាជៀសមិនផុតទេ ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបញ្ហានេះនឹងធូរស្រាលទៅវិញនៅពេលណា វាអាស្រ័យទៅលើការបញ្ចប់នៃសង្គ្រាមរវាងរុស្ស៊ី និងសង្គ្រាម ក្នុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជាបានប្រសើរឡើងវិញបណ្ដើរៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here