ទីផ្សារអចលនទ្រព្យវៀតណាមទទួលបានសញ្ញាវិជ្ជមាន ដោយទទួលបាន FDI យ៉ាងច្រើន

ដោយៈសុខុម

ហាណូយៈ ទីផ្សារអចលនទ្រព្យប្រភេទឧស្សាហកម្មនៅប្រទេ​សវៀតណាម បន្តទទួលបានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយទាក់ទាញរំហូរទុនវិនិយោគបរទេសបានយ៉ាងច្រើន (FDI)។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឱ្យដឹងថា មួយភាគធំនៃរំហូរទុនវិនិយោគបរទេសក្នុងត្រីមាស១ ដើមឆ្នាំនេះគឺបានមកពីអចលនទ្រព្យប្រភេទឧស្សាហកម្ម។

ក្រុមហ៊ុន VSIP Bắc Ninh Co Ltd បានបង្កើនទុនចំនួនជិត៩៤១លានដុល្លារអាមេរិក សម្រាប់គម្រោងវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសួនឧស្សាកម្មវៀតណាម-សិង្ហបុរី (Vietnam Singapore Industrial Park) ដែលបានជួយ ឱ្យទុនវិនិយោគបរទេស ដែលត្រូវបានចុះបញ្ជីសរុបក្នុងវិស័យអច លនទ្រព្យកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយកំណើនទុនវិនិយោគនេះ ប្រទេសសិង្ហបុរី នៅតែបន្តរក្សាតំណែងឈានមុខគេ នៅក្នុងលំហូរវិនិយោគបរទេស ដែលហូរចូលវៀតណាម ក្នុងត្រីមាសទី១ ដោយមានដើមទុនចុះបញ្ជីសរុបមានចំនួន២,២៩ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង២៥,៧%នៃទុនវិនិយោគសរុបចូលក្នុងប្រទេសវៀតណាម។

នៅខេត្ត Long An ភាគខាងត្បូង សួនឧស្សាហកម្មដ៏ធំមួយមកពីប្រទេសសិង្ហបុរី ក៏បានប្រកាសមូលនិធិដីថ្មី សម្រាប់ទិញដីទំហំ២០,៩ហិកតា នៅក្នុងសួនឧស្សាហកម្ម Vĩnh Lộc 2 Industrial Park និងដី២២,៣ហិកតានៅក្នុងសួនឧស្សាហកម្ម Xuyên Á Industrial Park ដើម្បីសាងសង់រោងចក្រសម្រាប់ជួលផងដែរ។

រំហូរចូលយ៉ាងច្រើននូវវិនិយោគិនអន្តរជាតិ ចូលទៅក្នុងទីផ្សារអចលនទ្រព្យប្រភេទឧស្សាហកម្ម បានជំរុញឱ្យការជួលដីឧស្សាហកម្មកើនឡើង។

របាយការណ៍ទីផ្សារអចលនទ្រព្យ ប្រភេទឧស្សាហកម្មរបស់ទីភ្នាក់ងារអចលនទ្រព្យអាមេរិក JLL បង្ហាញថា តម្លៃដីឧស្សាហកម្មនៅតែរក្សាបានសន្ទុះកើកឡើងខ្លាំង នៅក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ដែលកើនឡើង៨,៥%។

ការហក់ឡើងថ្លៃនេះ បណ្ដាលមកពីការវិនិយោគផ្ទាល់ពីបរទេ ស (FDI) ហូរចូលក្នុងប្រទេសនេះច្រើន បន្ទាប់ពីការបើកជើងហោះហើរ និងការបើកព្រំដែនអន្តរជាតិឡើងវិញ។ តម្លៃជួលជាមធ្យមសម្រាប់ដី ឧស្សាហកម្មគឺ១២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េសម្រាប់ការជួលមួយចប់កិច្ចសន្យា៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here