ថៃគ្រោងចាប់ផ្ដើមសាងសង់បណ្ដាញរថភ្លើង MRT Purple Line តម្លៃរាប់ពាន់លានដុល្លារនៅខែសីហា

ដោយៈសុខុម

បាងកក: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា អាជ្ញាធរបណ្ដាញរថភ្លើង (MRTA) នៃប្រទេសថៃ បានប្រាប់ក្រុមហ៊ុនម៉ៅការរបស់ខ្លួន ឱ្យត្រៀមចាប់ផ្តើមការងារគ្រឹះ លើគម្រោងបណ្ដាញខ្សែរថភ្លើង MRT Purple Line ភាគខាងត្បូងនៃប្រទេសនៅខែសីហា ខាងមុខនេះ។

ការជូនដំណឹងនេះធ្វើឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានអនុម័ត ផែនការខ្ចីប្រាក់របស់អាជ្ញាធរ MRTA សម្រាប់ការកសាងកំណាត់ផ្លូវដែក ប្រវែង២៣,៦គីឡូម៉ែត្រនៃបណ្ដាញរថភ្លើងនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយសុក្រ ទី២២ ខែមេសា។

ប្រភពពី MRTA បាននិយាយថា ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ទទួលបានភ្លើងខៀវពីគណៈរដ្ឋមន្ត្រីថៃ ឱ្យផ្តល់ប្រាក់កម្ចីចំនួន៨២ពាន់លានបាត (ជាង២,៤១ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងនេះ។
ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ PDMO នឹងផ្តល់ប្រាក់កម្ចីដំណាក់កាលដំបូងចំនួន១០,៨ពាន់លានបាត (៣១៨លានដុល្លារអាមេរិក) នៅខែមិថុនា ខាងមុខនេះ ហើយអាជ្ញាធរបណ្ដាញរថភ្លើង MRTA នឹងទូទាត់ឱ្យក្រុមហ៊ុនម៉ៅការ ចំនួន៦ជាបន្តបន្ទាប់នៅខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលនិយាយថា អាជ្ញាធរបណ្ដាញរថភ្លើង MRTA បានចុះកិច្ចសន្យាទាំងនេះកាលពីខែមីនា ហើយឥឡូវនេះ បានជូនដំណឹងឱ្យក្រុមហ៊ុនម៉ៅការទាំងនោះ ត្រៀមចាប់ផ្ដើមការងារគ្រឹះ សម្រាប់គម្រោងបណ្ដាញរថភ្លើងនេះ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here