ដោយៈសុខុម
បាងកក: សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងជំរុញឱ្យតម្លៃដែកក្នុងប្រទេសថៃ ហក់ឡើងខ្ពស់រហូតដល់ទៅ២០% ដែលធ្វើឱ្យអ្នកទិញផ្ទះ និងក្រុមហ៊ុនសាងសង់ត្រូវចំណាយកាន់តែខ្ពស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃអង្គារ ទី១២ ខែមេសា នេះ។
ដែកស្ថិតក្នុងចំណោមវត្ថុធាតុដើម ដែលកំពុងហក់ឡើងថ្លៃខ្ពស់ បន្ទាប់ពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាលពី៤៨ថ្ងៃមុន ដែលក៏បានជំរុញឱ្យតម្លៃប្រេងទូទាំងពិភពលោកហក់ឡើងខ្ពស់ផងដែរ។
រុស្ស៊ី គឺជាប្រទេសផលិត និងនាំចេញដែកដ៏ធំរបស់ពិភពលោក ប៉ុន្តែចាប់តាំងពីប្រទេសនេះ បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន ការផលិតដែកថែបនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ឬបិទទ្វារ។
លោក Chaichalerm Bunyanuwat ប្រសមាគមអ្នកផលិតដែកនៅប្រទេសថៃ បានលើកឡើងថា “ផលិតផលដែកផ្សេងៗមានតម្លៃកាន់តែខ្ពស់។ តម្លៃដែកថ្នាំងអំពៅបានហក់ឡើង ដល់០,៨៦ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យអាជីវកម្មសំខាន់ៗរួចទៅហើយ”។
បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នឹងរុញបន្ទុកនេះទៅលើអ្នកទិញថ្មីៗ ដែលឥឡូវនេះត្រូវចំណាយកាន់តែច្រើន នៅពេលទិញផ្ទះ ឬខុនដូ។ និយាយឱ្យងាយស្ដាប់គឺមានន័យថា ពេលតម្លៃដែកឡើងថ្លៃខ្ពស់ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏នឹងដំឡើងថ្លៃផ្ទះទៅតាមនោះដែរ។
តួយ៉ាង លោក Chaichalerm Bunyanuwat បានបញ្ជាក់ថា “ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានប្រកាសដំឡើងថ្លៃផ្ទះពី៥%ទៅ៨%”។
ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនផលិតដែកថែប ក៏កំពុងប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់ផងដែរលើថ្លៃថាមពល ហើយកំពុងព្យាយាមដោះស្រាយបញ្ហានេះ តាមរយៈការបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយការចំណាយ៕ Bangkok Post៕