ការសិក្សាថ្មី៖ តម្លៃខុនដូប្រណីតបន្តធ្លាក់ចុះ ខណៈទីផ្សារបន្តភាពជាប់គាំង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទីផ្សារខុនដូ នៅតែមានសញ្ញាមិនទាន់ល្អប្រសើរនៅឡើយ ខណៈតម្លៃខុនដូប្រណីតបានធ្លាក់ចុះ ហើយទីផ្សារទិញលក់មិនទាន់មានសញ្ញាវិជ្ជមាន។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ក៏បន្ដធ្លាក់ចុះនៅឡើយ ស្របពេលគំរោងមួយចំនួន បានបន្តភាពជាប់គាំង។

ការសិក្សាថ្មីនេះ បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប្រូម៉ូសិនពីអ្នកអភិវឌ្ឍដើម្បីបញ្ចេញស្ដុកចាស់។

ទី២ អ្នកទិញភាគច្រើន នឹងងាកទៅទិញគម្រោង ដែលសាងសង់រួច ឬគម្រោងចាស់ ដែលសង់រួច ហើយមានមនុស្សរស់នៅស្រាប់ ជាជាងគម្រោងថ្មី ដើម្បីកាត់បន្ថយហានិភ័យគម្រោងថ្មីតែសាងសង់មិនចប់។
ចំណុចទី៣ អ្នកអភិវឌ្ឍទំនងនឹងមិនបើកលក់ គម្រោងថ្មីនោះទេក្នុងឆ្នាំ ២០២២ ព្រោះការផ្គត់ផ្គង់គឺលើសតម្រូវការខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបន្តថា ក្នុងត្រីមាសនេះ មានគម្រោង៣ ដែលបានបញ្ចប់ការសាងសង់ រួមមាន Picasso City Garden នៅបឹងកេងកង១ The Peninsular Private Residences នៅជ្រោយចង្វា និងគំរោងM Residence នៅបឹងកេងកង។

ខុនដូប្រភេទតម្លៃខ្ពស់ បានធ្លាក់ចុះ៤,១ភាគរយ បើធៀបនឹងត្រីមាសមុន ប៉ុន្តែខុនដូតម្លៃសមរម្យកើន១,៦% ដោយសារតែប្រជាជនខ្លះចាប់ផ្ដើមងាកទៅរកទីផ្សារនេះ ដែលធ្វើឱ្យទីផ្សារងើបឡើងយឺតៗផងដែរ ។

របាយការណ៍ដដែលបញ្ជាក់ថា ត្រឹមចុងឆ្នាំ២០២២ ការផ្គត់ផ្គង់ខុនដូសរុបនឹងមានជិត៥០,០០០ យូនីត ហើយនឹងកើនដល់ជិត៧០,០០០យូនីតនៅដំណាច់ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here