អាជ្ញាធរខេត្តកំពតចុះផ្អាកសកម្មភាពលក់ដីឡូត៍គ្មានច្បាប់អនុញ្ញាត្តរបស់ក្រុមហ៊ុនម៉ន ដានីនៅផ្លូវជាតិលេខ៤៣

ដោយៈគង់ សូរិយា

កំពតៈ អាជ្ញាធរខេត្តកំពតកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានចុះផ្អាក សកម្មភាពអាជីវកម្ម ពុះដីឡូត៍លក់របស់ក្រុមហ៊ុនម៉ន ដានី ដែលគ្មានច្បាប់អនុញ្ញាត្ត និងមិនគោរពតាមផែនការហេដ្ឋារចនាសម្ព័ន្ឋ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។

ការចុះពិនិត្យ និងផ្អាកសកម្មភាពលក់ដីឡូត៍របស់ក្រុមហ៊ុននេះ បានដឹកនាំដោយលោកសេង សិរីបុត្រអភិបាលរងខេត្តកំពត និងមន្រ្តីពាក់ព័ន្ឋ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកគង់ សាន់មេឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលបានចុះពិនិត្យសកម្មភាពលក់ និងផ្អាកលក់ដីឡូត៍របស់ក្រុមហ៊ុនម៉ន ដានីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ មេសានេះថា អាជ្ញាធរខេត្តបានចុះពិនិត្យ និងផ្អាកសកម្មភាពលក់គំរោងដីឡូត៍ម៉ន ដានីកាលពីថ្ងៃសៅរ៍ ដោយសារគ្មានច្បាប់អនុញ្ញាត្ត និងបញ្ហាមួយចំនួនទៀត។

លោកបន្តថា “ខាងអាជ្ញាធរខេត្តបានស្នើឲ្យក្រុមហ៊ុនរត់ច្បាប់សិន និងគោរពតាមគោលការណ៍អភិវឌ្ឍន៍របស់រដ្ឋាភិបាល”។ លោកបន្តថា “ប្រជាពលរដ្ឋគួរមានការប្រុងប្រយ័ត្ន ព្រោះដីឡូត៍បែបនេះមានហានិភ័យខ្ពស់ណាស់ បើសិនជាទិញមិនបានសិក្សាផ្លូវច្បាប់ត្រឹមត្រូវ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានតម្រូវឲ្យអ្នកអភិវឌ្ឍន៍ដីឡូត៍នានា ត្រូវរក្សាទុកដី៣៥ភាគរយជាដីសំរាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ និងសួនច្បារសាធារណៈ ដើម្បីធ្វើឲ្យគំរោង អភិវឌ្ឈន៍នោះទទួលបានជោគជ័យដោយនិរន្តរភាព។

ចំណែកលោកនាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនៅថ្ងៃដដែលនេះថា តាមអ្វីលោកដឹងគឺក្រុមហ៊ុននេះគ្មានច្បាប់ និងពុះដីឡូត៍តូចៗលក់ក្នុងតម្លៃទាប ប៉ុន្តែគ្មានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ តាមការសម្រេចរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here