សម្តេចតេជោៈក្រុងរណបថ្មីមួយកំពុងរះឡើងនៅតំបន់ព្រលានយន្តហោះថ្មី ខេត្តសៀមរាប

ដោយៈ សុផារី

សៀមរាប: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី០៣ ខែមេសានេះថា ក្រុងរណបថ្មីមួយអាចនឹងរះឡើងនៅក្នុងទឹកដីខេត្តសៀមរាប នាពេលខាងមុខនេះ ក្រោយការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរសម្រេចរួចរាល់។

ថ្លែងនៅក្នុងក្នុងឱកាសអញ្ជើញ ពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីចុងសប្តាហ៍មុន សម្តេចតេជោបានមានប្រសាសន៍ថា “នៅទីនេះ បើយើងទៅលើការប៉ាន់ស្មានរបស់យើង វាមិនមែនគ្រាន់តែមានទីក្រុង មានព្រលានយន្តហោះប៉ុណ្ណោះទេ អាចនឹងមានកូនក្រុងរណបនៅប៉ែកខាងជើងនៃតំបន់នេះ ព្រោះតំបន់នេះអាចនឹងក្លាយ ជាក្រុងមួយបន្ថែមទៀតនាពេលក្រោយ”។

សម្តេចតេជោបន្តថា “ខ្ញុំគិតថា វាល្មមដល់ពេលដែលយើងត្រូវប្រកាសថា តារារះនៅទិសឧត្តរ បន្ទាប់ពីយើងបានប្រកាសតារារះ នៅទិសនិរតី ដែលសំដៅលើតំបន់ឆ្នេរ ដែលជាតំបន់ទេសចរណ៍របស់យើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបន្តថា ក្រោយការសាងសង់ព្រលានយន្តហោះថ្មីនេះ បានសម្រេចរួចរាល់ តំបន់នៅជុំវិញរំពឹងថា នឹងមានការអភិវឌ្ឍលំនៅដ្នាននិងការវិនិយោគបន្ថែមទៀតជាច្រើន។

សម្តេចបន្តថា “ដល់ពេលនោះ នឹងមានព្រលានយន្តហោះនិងតំបន់មួយចំនួននឹងអាចក្លាយទៅជាតំបន់លំនៅដ្ឋាន ដែលមានការអភិវឌ្ឍ ដើម្បីរៀបចំទៅជាកូនក្រុងថ្មីមួយទៀត មានលក្ខណៈសម្បត្តិស្មើនឹងស្រុកមួយនៃខេត្តសៀមរាប”។

សម្តេចបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ នឹងការផ្គត់ផ្គង់ទឹកស្អាតនិង អគ្គិសនី រៀបចំការងារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងជួយសម្រួលដើម្បីបង្កើនការទាក់ទាញវិនិយោគឱ្យទទួលបានការជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here