បុរីបុស្បាសហការជាមួយក្រុមហ៊ុនអាយរីជ ឈីដើម្បីបង្កើនការលក់លំនៅឋាននៃគម្រោងរបស់ខ្លួន

      ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីបុស្បា ដែលជាវិនិយោគរបស់វិនិយោគិនក្នុងស្រុក បានចាប់ដៃគូជាមួយក្រុមហ៊ុនអាយរីជឈី អ៊ីនវេសមិន ឯ.ក ដើម្បីជម្រុញនិងបង្កើនការលក់គម្រោ​ងរបស់បុរីបុស្បា។

ពិធីចុះហត្ថលេខាសហការ រវាងក្រុមហ៊ុនទាំងពីរបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មីនា ២០២២ នៅអគារស្រីអូនថៅវើរតាមបណ្ដោយផ្លូវ២៧១។

លោក ទឹម វណ្ណនី នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៃបុរីបុស្បាឱ្យដឹងថា ការផ្ដល់សិទ្ធិជូនក្រុមហ៊ុនអាយរីជឈីក្នុងការលក់គម្រោងលំនៅឋានរបស់បុស្បា នឹងជំរុញការលក់ឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត ខណៈបច្ចុប្បន្ននេះខាងបុរី ក៏លក់បានមួយចំនែកហើយផងដែរ ។

លោកបន្តថា “ក្រុមហ៊ុនអភិវឌ្ឍជឿជាក់ លើក្រុមហ៊ុនអាយរីជឈី ក្នុងការលក់គម្រោងលំនៅឋាន កាន់តែបានច្រើនបន្ថែមទៀត ស្របពេលក្រុមហ៊ុនអាយរីជឈី ជាក្រុមហ៊ុនមានសក្ដានុពលមួយនៅក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍ ក្នុងការលក់គម្រោងអចលនទ្រព្យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “បុរីបុស្បាជាបុរីមួយបង្កើតឡើង ដោយកូនខ្មែរ និងមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលនឹងមានសក្ដានុពលកាន់តែខ្លាំងនៅរយៈពេល២ឬ៣ឆ្នាំខាងមុខ”។ លោកបន្តថា “ទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស សម្រាប់អភិវឌ្ឍន៍នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដូចជា គម្រោងផ្លូវជាតិលេខ៣ ដែលបានស្ថាបនារួចនិងបានដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២ កំពុងសាងសង់ហើយក៏គ្រោងនឹងបញ្ចប់នៅពេលខាងមុខ”។

លោកបន្ថែមទៀតថា គម្រោងបុរីបុស្បានឹងជំរុញឱ្យតំបន់នៅជុំវិញនោះប្រែមុខមាត់បន្ថែមទៀត ពីព្រោះលំនៅឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍ឡើង សុទ្ធតែជាប្រភេទលំនៅឋានប្រណីតៗ សម្រាប់អ្នកមានចំណូលមធ្យមឡើងទៅ។ លោកបន្តថា បន្ទាប់ពីបញ្ចប់ការសាងសង់នូវគម្រោងទី១របស់ខ្លួន យើងក៏មានគម្រោងក្នុងការពង្រី​កគម្រោងបន្តទៀត ដោយក្រុមហ៊ុនបានត្រៀមដីរួចហើយ គឺមានទីតាំងជាប់នឹងទីតាំងចាស់តែម្ដង។

ជាមួយគ្នានេះ លោកង៉ែត ដារ៉ា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន អាយរីជឈី អ៊ិនវេសមិន ឯ.ក បានឱ្យដឹងផងថា បន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខារួចរាល់ ក្រុមហ៊ុនអាយរីជឈី នឹងបង្កើនល្បឿននៃការលក់របស់ខ្លួនបន្ថែមទៀត ។

លោកបន្តថា បច្ចុប្បន្ននេះទោះបីជាកម្ពុជា មិនទាន់ឆ្លងផុតពីវិបត្តិកូវីដ១៩ក៏ពិតមែន តែតម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែមាន ជាក់ស្ដែងតាមបទពិសោធន៍ របស់ក្រុមហ៊ុនអាយរីជឈី បានលក់គម្រោងលំនៅឋានកន្លងមក នៅតែមានអ្នកគាំទ្រជាបន្តបន្ទាប់ ។


បើតាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានរបស់បុរី បុស្បាបានឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនបានលក់គម្រោ​ងអស់ប្រមាណ៤០ភាគរយហើយ និងកំពុងបន្តការលក់ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ និងក្រុមហ៊ុនអាយរីជឈីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here