ផ្លូវជាតិលេខ២១ ភ្ជាប់ក្រុងតាខ្មៅទៅព្រំដែនវៀតណាមត្រូវ​បាន​សម្ភោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចតេជោ

ដោយ៖ សុផារី

ភ្នំពេញ៖ ​ផ្លូវជាតិលេខ២១ ប្រវែងជិត៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោម​អធិបតី​ភាព​សម្តេច​តេជោ ​​នាយករដ្ឋមន្ត្រីកម្ពុជា។


គម្រោងសាងសង់ផ្លូវជាតិលេខ២១ ត្រូវបានសាងសង់ជា២ដំណាក់កាល។ ដំណាក់កាលទី១ កំណាត់ផ្លូវប្រវែង៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ឃុំព្រែកស្តី ស្រុកកោះធំ (គីឡូម៉ែត្រលេខ៥៥) បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០១៧ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៣០ខែ។

ដំណាក់កាលទី២ កំណាត់ផ្លូវប្រវែង៨,៦គីឡូម៉ែត្រ ចាប់ពីឃុំព្រែកស្តី (គីឡូម៉ែត្រលេខ៥៥) ទៅដល់ស្ពានជ្រៃធំ (គីឡូម៉ែត្រលេខ៦៣+៦) មានទទឹងតួផ្លូវសរុប១១ម៉ែត្រ ត្រូវបានស្ថាបនាជា២គន្លង (១គន្លងទៅ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ៣,៥ម៉ែត្រ សាងសង់ស្ពានថ្មី១២កន្លែង ប្រវែង៣៩៦ម៉ែត្រ រួមទាំងការងារបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់។ កំណាត់ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់១៦ខែ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ខ្សែផ្លូវទាំងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញនិងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញនិងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍និងរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here