ទីក្រុងរណបធំៗចំនួន៣កំពុងផ្លាស់ប្តូរមុខមាត់តំបន់ស្ថិតនៅភាគខាងកើតដងទន្លេសាបនៃរាជធានីភ្នំពេញ

ដោយៈ វិវត្តន៍៍

ភ្នំពេញៈ ទីក្រុងរណបចំនួន៣ បាននិងកំពុងរំលេចវត្តមានបណ្តើរៗ តាមបណ្តោយ​ផ្លូវជាតិលេខ៦អា ដែលវានឹងក្លាយជាទីក្រុងថ្មីដ៏រសរវើកមួយនាពេលអនាគត។

គម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗចំនួន៤ រូមមាន ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលបាននិងកំពុងលេចរូបរាងជាបណ្តើរៗហើយ ជាមួយនឹងសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន កន្លែងលក់រាយ និងសាលពិព៌ណនានា។

ទីក្រុងរណប ដែលវិនិយោគដោយក្រុមហ៊ុន OCIC នេះ ដំបូងឡើយគ្រោងអភិវឌ្ឍន៍ជាមួយទុន៣០០០លានដុល្លារ ប៉ុន្តែក្រោយមកត្រូវបានបង្កើនដល់៥០០០លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាព និងការគ្របដណ្តប់លើចក្ខុវិស័យ នាពេលអនាគតរបស់តំបន់នេះ។

ទីក្រុងរណបដែលកាលពីអតីតកាល ជាបឹងលេចទឹកនេះមានទំហំផ្ទៃដីជាង១០០ហិកតា ដែលបានបែងចែកហ្សូនអភិវឌ្ឍន៍យ៉ាងច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត
ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលមានផ្ទៃដីទំហំជាង១០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៦០០០លានដុល្លារអាមេរិក បាននិងកំពុងចាប់ផ្តើម​បញ្ចេញពន្លឺកាន់តែត្រចះត្រចង់ហើយ ជាមួយអគារពាណិជ្ជកម្មខ្ពស់ៗ លំនៅដ្ឋានបែបអភិជន ភោជនីយកដ្ឋាន ផ្សារលក់រាយ មជ្ឈមណ្ឌលកំសាន្ត សាលសន្និសីទជាដើម។

បច្ចុប្បន្នទីក្រុងនេះ មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការតភ្ជាប់ហេ ដ្ឋារចនាសម្ព័ន្ឋនានាបានបញ្ចប់ និងធ្វើឡើងជាទីក្រុងឆ្លាតវៃ ដែលជាទស្សនទានដើមរបស់ក្រុមហ៊ុន OCIC ដែលជាម្ចាស់គំរោងតម្លៃរាប់ពាន់លានដុល្លារនេះ។

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ទីក្រុងនេះ នឹងរៀបចំឡើងតាមបែបលក្ខណៈពាណិជ្ជកម្មអន្តរជាតិ ប្រៀបដូចជាតំបន់ពាណិជ្ជកម្ម ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស និងតំបន់ពាណិជ្ជកម្មដទៃទៀតនៃរាជធានីភ្នំពេញ និងកម្រិតតំបន់។

ទីក្រុងរណបដីបូតានិកស៊ីធី
អភិវឌ្ឍន៍ដោយម្ចាស់បុរីអ័រគីដេ ទីក្រុងដឺបូតានិកស៊ីធី បាននិងកំពុងពង្រីកផ្ទៃដីកាន់តែធំ នៅតំបន់ព្រែកលាភ ក្នុងខ័ណ្ឌជ្រោយចង្វារ ដែលបច្ចុប្បន្នគំរោងនេះបាននិងកំពុងបញ្ចេញម៉ូតផ្ទះបែបអភិជន លំដាប់ប្រណីត ជាមួយនឹងធម្មជាតិខៀវស្រងាត់ អមដោយផ្ទៃបឹងធម្មជាតិ និងបឹងសម្បនិម្មិតដ៏ទាក់ទាញ។

ដឺបូតានិកស៊ីធី បាននិងកំពុងក្លាយជាទីក្រុងរណបយ៉ាងស្ងប់ស្ងាត់ ជាមួយមហិច្ឆតាធំ និងកំពុងធ្វើឲ្យតំបន់នេះកាន់តែមានភាពរសរវើក និងទាក់ទាញក្រុមអភិជនទៅរស់នៅកាន់តែច្រើន ដោយសារបរិយាកាស ខ្យល់អាកាសល្អ បរិសុទ្ឋ ព្រោះមានដងទន្លេរពីរអមសងខាង និងមិនសូវប្រឈមនឹងការកកស្ទះចរាចរណ៍ខ្លាំងនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដោយសារមានស្ពានជាច្រើនបានបញ្ចប់ និងកំពុងសាងសង់។

ទីក្រុងមរតកសម្តេចតេជោ
វាជាទីក្រុងថ្មីមួយ ដែលមានទំហំធំជាងគេនៅតំបន់នេះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិជាច្រើនកំពុងសាងសង់ និងបញ្ចប់ការសាងសង់ រួមមាន វិមានប្រវត្តិ​សាស្រ្តឈ្នះ ឈ្នះ ពហុកីឡដដ្ឋានមរតកតេជោ សួនទឹកកំសាន្តលំដាប់អន្តរជាតិ ដែលបានវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប គំរោងខុនដូ និងទីក្រុងមិត្តភាពកម្ពុជា ចិន និងបុរីលំនៅដ្ឋានជាច្រើនទៀតកំពុងរំលេចវត្តមានបណ្តើរៗនៅតំបន់នេះ។

ទីក្រុងរណបធំនេះ នឹងស្វាគមន៍នូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកច្រឹក សុខនីម ប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា តំបន់កណ្តាលក្រុងភ្នំពេញ នឹងប្រែក្លាយជាតំបន់បណ្តុំដោយអាគារពាណិជ្ជកម្ម និងការិយាល័យ ដោយសាររដ្ឋាភិបាលគាំទ្រឱ្យមានការអភិវឌ្ឍអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការពង្រីកទីក្រុងរណបថ្មីៗ។

លោកបានថ្លែងថា “យើងមើលឃើញថា រាជធានីភ្នំពេញបានពង្រីកចូលទៅតំបន់មួយចំនួននៅកណ្តាល និងនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ ត្រូវបានពង្រីកការប្រើប្រាស់ដី នៅជុំវិញរាជធានីភ្នំពេញ។ ការដូច្នេះ គឺដើម្បីបំពេញតម្រូវការវិនិយោគរបស់វិនិយោគិន ដែលបានចូលវិនិយោគនៅកម្ពុជា”។

លោកបានថ្លែងថា “ទីក្រុងថ្មី (ទីក្រុងរណប) នឹងក្លាយជាតំបន់លំនៅដ្ឋាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះនាអនាគត”។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ ឬខណ្ឌជ្រោយចង្វារទទួលបានការគម្រោង អភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន ពិសេសគម្រោងលំនៅដ្ឋានធំៗ។

លោកបានបន្តថា ទីក្រុងភ្នំពេញបច្ចុប្បន្ននៅទំហំតូចនៅឡើយ ហើយដើម្បីឆ្លើយតបនឹងចំនួនប្រជាជននៅទីក្រុងបច្ចុប្បន្ន និងអនាគត វាទាមទាមការឱ្យមានការអភិវឌ្ឍន៍ក្រុងរណបបន្ថែម ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជាន និងការកើនឡើងនៃចំនួនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here