តំបន់​ចំនួន៤ នៅ​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដើរ​ទិញ​ទំនិញ និង​កម្សាន្ត​លំដាប់​អន្តរជាតិ

ដោយៈ​ម៉ា​លីន​ណា

ភ្នំពេញៈ តំបន់​ចំនួន៣ ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ផ្សេងគ្នា ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​អ្នកជំនាញ​អះអាងថា នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ទិញ​ទំនិញ និង​កម្សាន្ត​តាមរយៈ​ការបង្កើត​ផ្សារ​ទំនើប​កម្រិតស្ដង់ដា​អន្តរជាតិ​ជាច្រើន នៅលើ​ទីតាំង​នៅក្នុង​ខណ្ឌ​ទាំង៣ខាងលើនេះ។

មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia កញ្ញា គឹម គិ​ន​កេសា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២២ មេសា​កន្លងមក​ថា បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ យ៉ាងយូរ​នៅត្រឹម​រយៈពេល ៣ឆ្នាំ​ខាងមុខនេះ ផ្សារ​ទំនើប​លក្ខណៈ​អន្តរជាតិ​ជាច្រើន នឹង​បង្ហាញខ្លួន​នៅ​តំបន់​ចំនួន សំខាន់ៗ ដែល​ស្ថិតនៅក្នុង​ខណ្ឌផ្សេងៗពីគ្នា ដែល​ក្នុងនោះ រួមមាន ដូចជា ខណ្ឌ​សែន​សុខ ខណ្ឌចំការមន ខ័​ណ្ឌ​ទួលគោក និង​ខ័​ណ្ឌ​មានជ័យ។

ខ័​ណ្ឌ​សែន​សុខ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់​ទី១ ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ ពិសេស​តំបន់​ជុំវិញ​ផ្សារ​ទំនើប AEON MALL2 ជា​តំបន់​បណ្តុំ​ដោយ​ផ្សារ​ទំនើប។ ពិសេស​ដោយសារ​កំនើន​នៃ​ប្រជាសាស្ត្រ​កើនឡើង​កាន់តែច្រើន​ទៅ​រស់នៅក្នុង​តំបន់​នេះ ជាពិសេស មានការ​ក​កើន​នូវ​សំណង់​លំនៅ  ដ្ឋា​ន​ជាច្រើន ជាក់ស្ដែង​ដូចជា​ពេលនេះ ខណ្ឌ​សែន​សុខ​បាន​ក្លាយជា​តំបន់ ដែលមាន​បុរី​ច្រើនជាងគេ នៅក្នុង​ចំណោម​ខណ្ឌ​នានា​នៅ​រាជធានី​ភ្នំពេញ។

ទាំងនេះ​គឺជា​ចំណុច​ដ៏​ទាក់ទាញ​បំផុត សម្រាប់​បណ្តា​អ្នកវិនិយោគ​លើ​ផ្នែក​ផ្សារ​ទំនើប ខណៈដែល​សព្វថ្ងៃនេះ​មាន​ផ្សារ​ទំនើប AEON2 ផ្សារ Makro និង​ផ្សារ​ទំនើប Chip Mong SenSok ដែល​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ដ៏​ខ្លី។

តំបន់​នេះ នឹងមាន​ផ្សារ​ទំនើប​និង​ពាក់កណ្តាល​ទំនើប​ដទៃទៀត នៅ​ជុំវិញ​នោះ ដូចជា​ផ្សារ​ស្ថិតក្នុង​បុរី​វិមាន​ភ្នំពេញ ផ្សារ​ទំនើប AEON MALL ខ្នាតតូច​ក្នុង​បុរី​ប៉េង ហួត​ជាដើម។

ខ័​ណ្ឌ​ទួលគោក

ខ័​ណ្ឌ​មួយ​នេះ បានប្រែក្លាយ​ខ្លួន​យ៉ាង​លឿន​ពី​តំបន់​លំនៅដ្ឋាន មកជា​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម(CBD) ដែល​បាននិងកំពុង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ពិសេស​តំលៃ​អចលនទ្រព្យ​ក៏បាន​កើនឡើង​យ៉ាងគំហុក​ផងដែរ។

មជ្ឈមណ្ឌល​ភ្នំពេញ (Phnom Penh City Center) ឬ​តំបន់​បឹងកក់ ដែល​ស្ថិតក្នុង​ខ័​ណ្ឌ​មួយ​នេះ កំពុង​ទាក់ទាញ​ការវិនិយោគ​ផ្សារ​ទំនើប​បែប​សហគមន៍ ជាក់ស្តែង​ផ្សារ​ទំនើប​បែប​សហគមន៍​ចំនួន​ពីរ​ហើយ​បាន និង​កំពុងបើក​ដំណើរការ ហើយ​គំរោង​ផ្សារ​ទំនើប​ជាច្រើន​ទៀត ត្រៀម​បង្ហាញ​វត្តមាន​នាពេលខាងមុខ។

ខ័​ណ្ឌ​ចំការមន

ចំណែក​នៅក្នុង​ខណ្ឌចំការមន ក៏ដូចជា​គ្នា​ពិសេស​នៅ​តំបន់​កោះ​ពេជ្រ និង​ជុំវិញ​កោះ​ពេជ្រ ដែលជា​បណ្តុំ​ផ្សារ​ទំនើប​ដូចជា AEONMall1, The Bridge Commercial, ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ក្នុង​គំរោង The PeAk និង​ផ្សារ​ទំនើប​ស្ថិតក្នុង​គំរោង The D.I RIVIERA ស្ថិតនៅលើ​ទីក្រុង​រណប​កោះ​ពេជ្រ ដែល​នឹង​បើក​ដំណើរការ​នាពេលខាងមុខ​ផងដែរ។

ខ័​ណ្ឌ​មានជ័យ

ស្ថិតនៅ​លើផ្លូវ ៦០ម៉ែត្រ ដែលមាន​ផ្សារ​ទំនើបធំៗ ក៏​នឹង​បង្ហាញ​វត្ត​មាននៅ​ទីនោះ​ផងដែរ ដែល​ក្នុងនោះ រួមមាន ផ្សារ​ទំនើប ប៉េង​ហួត ផ្សារ​ទំនើប AEON 3 រួមជាមួយ​គម្រោង​ផ្សារ​ទំនើប Chip Mong មួយទៀត​និង​គំរោង​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប​ធំ​មួយ​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment លោក​វ៉ា វីរៈ បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា ការរីកចម្រើន​ផ្សារ​ទំនើប គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​កំណើន​អំណាច​នៃ​ការទិញ ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម​កម្ពុជា ពិសេស​អ្វីដែល​យើង​មើលឃើញ​គឺ​ចំនួន​ផ្សារ​ទំនើប ដែលមាន​បច្ចុប្បន្ន​នៅ​មិនទាន់​ច្រើន​នោះទេ បើ​ធៀប​ទៅនឹង​ទំហំ​ផ្សារ និង​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​មួយ​នេះ។

លោក​បន្តថា “តំបន់​ស្ថិតនៅក្នុង​ខ័​ណ្ឌ​សែន​សុខ មានការ​រីកចម្រើន​លឿន និង​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ ហេតុនេះ​អ្នកវិនិយោគ ដែល​ចូលមក​វិនិយោគ​តំបន់​នេះ​ពួកគេ​ពិតជា​បាន​សិក្សា​ទីផ្សារ​រួចហើយ ទើប​ពួកគេ​វិនិយោគ។លោក​បន្តថា “អ្នកវិនិយោគ​មើលឃើញ​អំណាច​នៃ​ការទិញ​កើនឡើង ទើប​ពួកគេ​ចូលទៅ​វិនិយោគ​តំបន់​នេះ ដោយសារ​លំហូរ​ប្រជាជន​ចូលទៅ​រស់នៅ​តំបន់​នេះ​ច្រើន” ។

លោក​បន្តថា បើ​យើង​មើល​មួយ​ភ្លេ​ត​គឺ​ផ្សារ​ហាក់​មាន​ចំនួន​ច្រើន ប៉ុន្តែ​បើ​យើង​មើល​កំណើនប្រជាជន និង​ការចាប់យក​ចំណែក​ទីផ្សារខុសៗគ្នា ពី​សំណាក់​អ្នកវិនិយោគ​នៅ​តំបន់​នោះ គឺ​ចំនួន​ផ្សារ​ទាំងនោះ​នៅ​មិនទាន់​ច្រើន​នោះទេ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូរ វណ្ឌី បានបង្ហាញ​ពី​ការ​សាទរ​ចំពោះ​កំណើន​វត្តមាន នៃ​បណ្តា​ផ្សារ​ទំនើប​បែប​កម្សាន្ត នៅក្នុង​រាជធានី​ភ្នំពេញ ដែល​វា​ជាការ​ចូលរួមចំណែក ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មកកាន់​រាជធានី​មួយ​នេះ​កាន់តែច្រើន ព្រោះ​នៅពេល​ដែលមាន​ទីផ្សារ​ទំនើប ដែល​រៀបចំ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​កាន់តែច្រើន មួយរយ​ភាគរយ គឺ​ពិតជា​ជួយ​ចូលរួមចំណែក​លើកកម្ពស់​ដល់​ផ្នែក​ទេសចរណ៍។

លោក​បន្តថា ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ននេះ ស្ទើរតែ​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា​ដូចជា ផ្សារ​ទំនើប AEON1 ដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន ផ្សារ​ទំនើប AEON2 ដែល​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ ផ្សារ​ទំនើប​TK ស្ថិតនៅ​ខណ្ឌទួលគោក ក៏ដូចជា​ផ្សារ​ទំនើប​សូរិយា ដែល​បច្ចុប្បន្ន​បាន​កែប្រែ និង​រចនា​ជា​ផ្សារ​ទេសចរណ៍​នៅ​ជាន់​ខាងលើ​ជាដើម គឺ​សុទ្ធតែ​ទាក់ទាញ​មហាជន​ក្នុងស្រុក ក៏ដូចជា​ជនបរទេស​ចូល​ទិញ​សម្ភារៈ ជាមួយនឹង​ការកម្សាន្ត​ផងដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា បណ្តា​ផ្សារ​ទំនើប​ទាំងនេះ​ហាក់​នៅមាន​ទំហំ​តូច​នៅឡើយ។

លោក​បាន​បន្តទៀតថា “ប្រសិនបើ​នៅ​ថ្ងៃ​ខាងមុខនេះ មាន​លេចឡើង​នូវ​វត្តមាន​ផ្សារ​ទំនើប​កាន់តែច្រើន ហើយ​ផ្តោតលើ​កម្រិត​ទីផ្សារ​ខុសគ្នា ដូចជា​ប្រភេទ​ទំនិញ និង​ការចាប់យក​វ័យ​អតិថិជន​ជា​គោលដៅ​កាន់តែច្រើន គឺ​កាន់តែ​ផ្តល់​ភាពល្អប្រសើរ​កាន់​ប្រសើរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here