តើរលកនៃទីផ្សារអចលនទ្រព្យនៅឆ្នាំនេះនឹងមានភាពឡើងចុះដូចម្តេច?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅដើមឆ្នាំនេះអ្នកជំនាញនិងអ្នកវិនិយោគ ក្នុងវិស័យអច​លនទ្រព្យកម្ពុជាជាច្រើនបានរំពឹងថា វិស័យនេះ នឹងមានកំណើនឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេស និងបើកសង្គមសេដ្ឋកិច្ចឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណា រហូតដល់ដើមឆ្នាំ២០២២នេះ ស្ថានភាពវិស័យនេះនៅតែបន្តជាប់ទ្រឹង ដែលអ្នកជំនាញក៏អះអាងថា នឹងអាចជាប់ទ្រឹងបន្តទៀត ស្របពេលមេរោគរាតត្បាតនៅតែចោទជាបញ្ហា។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងនាព្រឹកថ្ងៃទី៩ កុម្ភៈនេះថា កាលពីចុងឆ្នាំយើងរំពឹងថា វិស័យអចលនទ្រព្យនឹងទទួលបាន ការវិនិយោគពីបរទេសឡើងវិញ តែដោយសារវត្តមានមេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុងបានរាលដាលក្នុងប្រទេសជាច្រើន ក៏ធ្វើឱ្យប្រទេសទាំងនោះ ចាត់វិធានការរឹតបន្តឹងការចេញចូលជាថ្មី ហើយវិនិយោគិនបរទេស ដែលចង់ចូលមកកម្ពុជាក៏មានការរារែកជាថ្មីម្ដងទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងបន្តថា “រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានវិនិយោគិនចិន ត្រលប់មកវិញច្រើននៅឡើយទេ តែវិនិយោគិនក្នងស្រុកចាប់ផ្ដើមមានសកម្មភាពច្រើន ទាំងផ្នែកខុនដូ និងផ្នែកផ្សារទំនើប”។

យ៉ាងណាក្ដី យើងនៅរង់ចាំមើលបន្តទៀតថា នឹងមានវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ ច្រើនដែរឬក៏អត់នៅក្នុងឆ្នាំ ២០២២នេះ។

យ៉ាងណាក្ដីវិនិយោគិននិងអ្នកជំនាញ នៃវិស័យអចលនទ្រព្យមួយចំនួនទៀតក៏នៅតែមានសុទិដ្ឋិនិយម ចំពោះការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជាឡើងវិញ ដោយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវជំងឺនេះ ពីព្រោះតាមរយៈបទពិសោធន៍កន្លងទៅ រដ្ឋាភិបាលបានគ្រប់គ្រ​ងបានយ៉ាងល្អ ក្នុងការគ្រប់គ្រងនិងឈានដល់ ការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំមុននេះ។

ទោះជាយ៉ាងណា លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអអចលនវត្ថុកម្ពុបានមានប្រសាសន៍ថា សកម្មភាពទិញលក់ភាគច្រើនជាប្រជាពលរដ្ឋក្នុងស្រុក ប៉ុន្តែទំហំទុនវិនិយោគមិនទាន់មានចំនួនច្រើននៅឡើយទេ ប៉ុន្តែសកម្មភាពទិញលក់នៅតែបន្តកើតមាន។

លោកបន្តថា “ប្រសិនជាស្ថាប័នហិរញ្ញវត្ថុនានា នៅតែបន្តផ្តល់ឥណទាន វិស័យនេះនឹងមានភាពរីកចម្រើនឡើងវិញ ស្របពេលដែលអ្នកវិនិយោ គចិនបានមកកាន់កម្ពុជាបណ្តើរៗផងដែរ ប៉ុន្តែភាគច្រើនសុទ្ឋតែជាអ្នកវិនិយោគ ដែលមានគំរោងនៅទីនេះរួចហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here