ទីផ្សារលំនៅដ្ឋានដែលពុះកញ្ជ្រោលច្រើនឆ្នាំរបស់កូរ៉េខាងត្បូង បង្ហាញសញ្ញាថមថយនៅមុនការបោះឆ្នោត

ដោយៈសុខុម

សេអ៊ូល: ទីផ្សារលំនៅដ្ឋានក្នុងក្រុងសេអ៊ូល ដែលស្ថិតក្នុងចំណោមទីផ្សារលំនៅដ្ឋានថ្លៃៗ បំផុតក្នុងពិភពលោក បានចាប់ផ្ដើមបង្ហាញសញ្ញាថម​ថយល្បឿន នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅខែមីនា ខាងមុខនេះ ក្រោយពុះកញ្ជ្រោលខ្លាំងក្នុងរយៈពេល៥ឆ្នាំមកនេះ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៧ កុម្ភៈ ឱ្យដឹងថា បញ្ហាលំនៅដ្ឋាន បានក្លាយជាប្រធានបទដ៏សំខាន់បំផុតមួយ ដែលត្រូវបានលើកយកមកជជែកដេញដោល យ៉ាងក្ដៅគគុកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ខណៈតម្លៃលំនៅដ្ឋានក្នុងក្រុងសេអ៊ូល បានហក់ឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១៧ នៅពេលប្រធានាធិបតី Moon Jae-in ចូលកាន់តំណែងជាលើកដំបូង ដែលធ្វើឱ្យយុវជនពេញកម្លាំងការងារជាច្រើនប្រឈមមុខនឹងអសន្តិសុខហិរញ្ញវត្ថុពេញមួយជីវិត។

តួយ៉ាង អាផាតម៉ិនកម្រិតមធ្យមនៅក្រុងសេអ៊ូល ត្រូវបានប៉ាន់ប្រមា​ណថា មានតម្លៃរហូតដល់ទៅប្រហែល១៨ឆ្នាំ នៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋកូរ៉េខាងត្បូង ដោយកើនឡើងពី១១ឆ្នាំក្នុងឆ្នាំ២០១៧។ និយាយឱ្យងាយស្ដាប់មានន័យថា ដើម្បីទិញអាផាតម៉ិនកម្រិតមធ្យមមួយយូនីត ត្រូវសន្សំប្រាក់ចំណូលកុំចាយវាយ ឬបង់រំលស់រហូតដល់ទៅ១៨ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាទិន្នន័យថ្មីៗនេះបានបង្ហាញថា ការរឹតបន្តឹងលើឥ​ណទាន ការដំឡើងអត្រាការប្រាក់ និងការសន្យាដោយបេក្ខភាពប្រធានា​ធិបតីទាំងពីរថា នឹងជំរុញការផ្គត់ផ្គង់លំនៅដ្ឋានឱ្យបានយ៉ាងច្រើន បានចាប់ ផ្តើមទទួលផលជាវិជ្ជមានហើយ

ជាលទ្ធផលប្រតិបត្តិការទិញ លក់លំនៅដ្ឋាននៅកូរ៉េខាងត្បូង បានធ្លាក់ចុះ រហូតដល់ទៅ៦២%នៅក្នុងខែធ្នូ ចុងឆ្នាំ២០២១ មកនៅត្រឹម៥៣.៧៧៤ប្រតិបត្តិការ បើធៀបនឹងឆ្នាំ២០២០ ដែលជាចំនួនតិចបំផុតសម្រាប់ខែនេះ ចាប់តាំងពីឆ្នាំ២០០៨ ជាពេលដែលទីផ្សារនេះ បានរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក។

ក្រុមអ្នកវិភាគក៏បានធ្វើការកត់សម្គាល់ផងដែរថា សកម្មភាពទិញលក់ក្នុងទីផ្សារលំនៅដ្ឋាន ហាក់មានសភាពស្ងប់ស្ងាត់ នៅពេលគេរង់ចាំមើលថាតើការបោះឆ្នោតថ្ងៃទី៩ ខែមីនា ខាងមុខនេះ នឹងនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះចំពោះពន្ធលើចំណូលមូលធន និងការយកពន្ធផ្សេងៗទៀត។

ការបោះឆ្នោតនេះ គឺជាការប្រកួតប្រជែង រវាងបក្សប្រជាធិបតេយ្យដែ​លបានជ្រើសរើសលោក Lee Jae-myung ឱ្យជំនួយលោកប្រធានាធិបតី Moon Jae-in និងគណបក្សអំណាចពលរដ្ឋ (People Power Party) អភិរក្សនិយម ដែលបានជ្រើសរើសលោក Yoon Suk-yeol ឱ្យធ្វើជាបេក្ខភាពប្រធានាធិបតី។

លោក Lee Jae-myung បានសន្យាថា នឹងសាងសង់ផ្ទះឱ្យបានរហូតដល់ប្រមាណ២,៥លានយូនីត តាមរយៈគោលនយោបាយលំនៅដ្ឋានសាធារណៈ។

ចំណែកឯលោក Yoon Suk-yeol ក៏បានធ្វើការសន្យាស្រដៀងគ្នាដែរថា នឹងបន្ធូរបន្ថយការរឹតបន្តឹង សម្រាប់អ្នកទិញផ្ទះដំបូង ដើម្បីពួកគេអាចខ្ចីបាន រហូតដល់ទៅ៨០%នៃតម្លៃផ្ទះ បើធៀបនឹងអត្រា៤០%នាពេលបច្ចុប្បន្ន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here