តើគំរោង ROYAL ONE របស់អ្នកឧកញ៉ាគិត ម៉េង ជាប់គាំង និងមូលហេតុ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េងបាននិងកំពុងឈានទៅរកសភាពជាប់គាំងហើយ។

ទីតាំងសាងសង់អគារភ្លោះនៃ Royal One កំពស់៦២ជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស (អតីតស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍​លេខ៣ចាស់) ដែលបានព័ទ្ឋរបង និងលើកផ្លាកបង្ហាញពីរូបភាពគំរោងនេះ ត្រូវបានដកចេញហើយ និងជំនួសវិញដោយរូបផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cellcard។

ដើមឡើយ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ​ HuashiGroup។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយ​ក្រុមហ៊ុន​ Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកការដ្ឋាន​សាងសង់អគារនេះកាលពីពេលកន្លងមកថា ការសាងសង់អាគារ​ខ្ពស់​កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញា២០២១ និងគ្រោងចំណាយពេល​រយៈពេល​៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំ​នើប​ អាគារការិយាល័យជាដើម។
លោកឧកញ៉ាគិត ធាងបានបន្តថា “អាគារ Royal Oneនឹងជាអាគារ​ខ្ពស់ជាង​គេ​មួយ ដែលនឹងលើកកំពស់មុខមាត់រាជធានីភ្នំពេញ។

ហេតុអ្វីអ្នកឧកញ៉ាគិត ម៉េងមិនសូវទទួលបានជោគជ័យក្នុងការអភិ​ វឌ្ឍន៍គំរោងអចលនទ្រព្យ?
អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុន Royal Group មានមុខជំនួញយ៉ាងច្រើនក្នុងដៃ ដែលភាគច្រើន ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ប៉ុន្តែបើក្រឡេកមើលគំរោងអភិវឌ្ឍន៍ អចលនទ្រព្យរបស់អ្នកឧកញ៉ាគិត ម៉េងមិនសូវទទួលបានជោគជ័យនោះទេ។

ប៉ុន្តែភាពជោគជ័យរបស់លោក ក៏អាចជាឧបសគ្គរបស់លោកផងដែរ ក្នុងការធ្វើឲ្យលោកអាចសម្របខ្លួន ជាមួយក្រុមមនុស្សថ្នាក់ក្រោម ដែលមានជំនា​ញលក់ ជំនាញទីផ្សារ និងជំនាញវិភាគពីការវិវត្ត នៃទីផ្សារអចលនទ្រព្យ និងអ្នកជំនាញពាក់ព័ន្ឋ ដែលពួកគេជាសមាសធាតុសំខាន់ៗ ក្នុងការជួយជំរុញមុខជំនួញ និងការអភិវឌ្ឈន៍គម្រោងរបស់លោក ឲ្យកាន់តែទទួលបានភាពជោគជ័យ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍ នៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ការសម្រេចបានជោគជ័យលើគំរោងអចលនទ្រព្យមួយ មិនមែនជារឿងសាមញ្ញពេកនោះទេ ទោះជាអ្នកអភិវឌ្ឍន៍ មានប្រាក់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមធ្យោបាយឆ្ពោះទៅរកជោគជ័យត្រូវការធាតុផ្សំជាច្រើន លើសពីលុយដែលអាចធ្វើបាន។

លោកបន្តថា “គំរោងរបស់អ្នកឧកញ៉ាគិត ម៉េងដូចជាគំរោងខុនដូ North Park ស្ថិតនៅក្នុងសាលាអន្តរជាតិ North Bridge មិនទាន់ដំណើរ​ការដោយរលូននោះទេ ដោយសារការលក់យឺតជាងការរំពឹងទុក ខណៈគំរោងមួយទៀតគឺ Royal One ក៏បង្ហាញសញ្ញាជាប់គាំង”។ លោកបន្តថា “ការអភិវឌ្ឍន៍គំរោងខុនដូ និងបុរីជាដើម សុទ្ឋតែទាមទារជំនាញបច្ចេកទេស ធនធានហិរញ្ញវត្ថុ និងអ្នកលក់ពូកែ និងកត្តារួមផ្សំជាច្រើនទៀត ទើបទទួលបានជោគជ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here