ដោយៈជេស៊ីកា
ភ្នំពេញៈ គំរោងសាងសង់ស្ពានពីតំបន់ព្រែកប្រា ឆ្លងកាត់ទន្លេបាសាក់ទៅកាន់មហាវិថីសម្តេចតេជោ បានស្ថិតក្នុងផែនការអាទិភាព នៃកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២២។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ដោយសារការលើកសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឲ្យផែនការអភិវឌ្ឈន៍គំរោង ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ផ្លាស់ប្តូរកម្រិតអាទិភាព។ ជាក់ស្តែងគំរោងសាងសង់ស្ពានក្រចេះ តភ្ជាប់ទៅកាន់ស្រុកព្រែកប្រសព្វបានផ្លាស់ប្តូរមកអាទិភាពក្រោយ។
លោកបន្តថា “ដោយសារភាពចាំបាច់ ក្នុងការសម្រួលការធ្វើចរាចរណ៍ បានធ្វើឲ្យគំរោងសាងសង់ស្ពានព្រែកប្រា ឆ្លងទន្លេបាសាក់លោតមកកាន់អាទិភាពទី១”។ លោកបន្តថា “ទោះជាយ៉ាងណា លោកមិនមានព៌តមានលំអិតពីគំរោងស្ពាននេះថា នឹងសាងសង់នាពេលណានោះទេ ព្រោះគំរោងនេះ ស្ថិតនៅក្រោមដែនរដ្ឋបាលក្រុងភ្នំពេញ”។
លោកវ៉ាស៊ីម សូរិយា បានបន្តថា ដោយសារថវិការបស់យើងនៅមានកម្រិត ទើបគំរោងអាទិភាពនានា ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ ជាក់ស្តែងស្ពានឆ្លងកាត់ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ក៏បានផ្លាស់ប្តូរកម្រិតអាទិភាពផងដែរ ហើយគំរោងមួយចំនួនទៀត ក៏រុញទៅពេលក្រោយបន្តប ន្ទាប់៕