អ្នកអភិវឌ្ឍន៍ខុនដូចាប់ផ្ដើមងាកទៅចាប់យកអតិថិជនជាជនជាតិខ្មែរ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជា កាលពីមុនៗគឺផ្ដោតសំខាន់ទៅលើអ្នកអភិវឌ្ឍន៍បរទេសទាំងអ្នកទិញ និងអ្នកផ្គត់ផ្គង់ ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ ជាពិសេសនៅក្នុងវិបត្តិនៃកូវីដ១៩ របត់នៃវិស័យខុនដូនៅកម្ពុជា បានផ្លាស់ប្តូរមកជាអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងមានអ្នកទិញជាជនជាតិខ្មែរផងដែរ។

ក្នុងន័យនេះ មិនមានន័យថាអ្នកអភិវឌ្ឍន៍បរទេស លែងមាននៅក្នុងប្រទេសកម្ពុជានោះទេ ពោលជនបរទេសនៅតែសំខាន់ ក្នុងការអភិវឌ្ឍខុនដូ ហើយមួយចំនួន ក៏ចាប់ផ្ដើមចាប់យកអតិថិជនក្នុងស្រុក ជាអតិថិជនគោលដៅ។

លោកខន គង្គា អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា កាលពីមុនអ្នកអភិវឌ្ឍន៍ខុនដូ គាត់បានអភិវឌ្ឍន៍និងដាក់តម្លៃខុនដូ សម្រាប់អតិថិជនដែលមកពីខាងក្រៅ ដែលអាចលក់បានតម្លៃខ្ពស់ ។ ប៉ុន្តែដោយសារតែក្នុងវិបត្តិនៃកូវីដ១៩ ហើយអតិថិជនបរទេសពិបាកក្នុងការធ្វើដំណើរចូលមកកម្ពុជា ក៏ដូចជា ពិបាកក្នុងការចេញចូលប្រទេសរបស់ខ្លួន ដូច្នេះអ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសកម្ពុជា ក៏បានចាប់យកអតិថិជនជាអ្នកក្នុងស្រុកវិញ ។

លោកបន្តថា ការចាប់យកអតិថិជនក្នុងស្រុក អ្នកអភិវឌ្ឍន៍ក៏បានចាប់ផ្ដើមកែប្រែតម្លៃ ដោយបានអភិវឌ្ឍន៍ខុនដូ ដែលមានតម្លៃសមរម្យ ហើយបច្ចុប្បន្ននេះតម្លៃខុនដូ ដែលប្រជាជនកម្ពុជាអាចទទួលបានចន្លោះពី១៥០០ដុល្លារអាមេរិក ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនៅចន្លោះនេះ មានការទិញលក់ច្រើននៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកខន គង្គា បានបន្ថែមថា ទោះបីជាយ៉ាងណាក្ដីផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការរស់នៅក្នុងខុនដូ ក៏មិនទាន់ទូលំទូលាយនៅឡើយ តែយ៉ាងណាក៏ពួកយើងជាអ្នកលក់ខុនដូ ត្រូវការផ្សព្វផ្សាយនិងជំរុញឱ្យពល​រដ្ឋកម្ពុជា កាន់តែច្រើនថែមទៀតងាកទៅរស់នៅក្នុងខុនដូ ។

លោកបន្តថា “អ្នកដែលចាប់ផ្ដើមផ្លាស់ប្តូរ ទៅរស់នៅខុនដូក្នុងប្រទេ​សកម្ពុជា ភាគច្រើនជាបងប្អូនដែលធ្លាប់ទៅរៀននៅបរទេស បងប្អូនដែ​លធ្លាប់ដើរលេងនៅក្រៅប្រទេសច្រើន និងបងប្អូនអាណិកជនខ្មែរជាដើម”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ជាពិសេសអ្នកធ្វើការពាក់ព័ន្ឋក្នុងផ្នែកនេះ ក៏បានបង្ហាញទស្សនស្រដៀងគ្នាផងដែរថា កម្ពុជាត្រូវការពេលវេលាមួយ ដើម្បីកែប្រែប្រជាពលរដ្ឋងាកទៅរស់នៅក្នុងខុនដូ កាន់តែច្រើន ហើយរបត់នេះ វាមិនខុសពីប្រទេសជិតខាងឡើយ។ ជាក់ស្ដែងថៃ កាលពីមុនអ្នករស់នៅក្នុងខុនដូ គឺជាជនបរទេស ប៉ុន្តែបច្ចុប្បន្ននេះអ្នករស់នៅក្នុងខុនដូនៃប្រទេសថៃគឺជាជនជាតិថៃតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here