អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅទីក្រុងព្រះសីហនុកំពុងដង្ហើយហៅចិនឱ្យត្រលប់មកវិញ

ដោយៈ សុផារី

ភ្នំពេញៈ ដោយសារវិបត្តិជំងឺកូវីដ១៩ ជនជាតិចិនដែលវិនិយោគច្រើនជាងគេក្នុងក្រុងព្រះសីហនុ បានត្រលប់ទៅកាន់ប្រទេសចិនវិញ បន្សល់ទុកនូវសំណង់អគារខ្ពស់ៗជាច្រើន។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យ បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ កំពុងដង្ហើយហៅចិនឱ្យមកវិញ ព្រោះទីផ្សារអច​លនទ្រព្យនៅទីនោះជាប់គាំង គ្មានប្រតិបត្តិការទិញលក់នោះទេ។

លោកបានលើកឡើងដូច្នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងព្រះសីហនុ កាលពីដើមខែមករា ឆ្នាំ២០២២កន្លងមក។ លោកបន្តថា ក្រោយដំណើរទស្សនកិច្ចក្រុងព្រះសីហនុហើយ ធ្វើឱ្យលោកនឹកដល់សុភាសិតមួយឃ្លាដែលលើកឡើងថា “ចូរវិនិយោគដោយភាពប្រាកដប្រជាថា នឹងអា​ចកសាងភាពមានបានរឹងមាំយូរអង្វែង កុំវិនិយោគព្រោះតែចង់មានលឿន (Don’t invest to get rich fast, invest to get rich for sure)”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា កន្លងមក នៅពេលទីផ្សារពុះកញ្ជោលខ្លាំង មានអ្នកវិនិយោគមិនតិចទេ បានចាក់ទុនបញ្ចូលប្រកបដោយជំនឿចិត្តថា អាចនឹងឆាប់ចំណេញ ឆាប់មានបាននឹងគេ។

លោកអះអាងថា កន្លងមកទីផ្សារអចលនទ្រព្យ នៅក្នុងក្រុងព្រះសីហនុ ពឹងផ្អែកលើជនជាតិចិនទាំងស្រុង តែដោយសារបញ្ហាវិបត្តិជំងឺធ្វើឱ្យ ចរន្តមានការជាប់គាំងនិងផ្អាកដំណើរការសាងសង់។

លោកបន្តថា “តាមពិតទៅទីផ្សារអចលនទ្រព្យនៅទីនោះ ពឹងលើជនជាតិចិនទាំងស្រុង មកដល់ពេលនេះមានអាគារខ្ពស់ៗ ប្រមាណ៧០%ទៅ៨០%ផ្អាកមិនបន្តដំណើការសាងសង់”។ លោកបន្តថា “បើពឹងផ្អែកលើកម្លាំងនៃការវិនិយោគក្នុងស្រុក និងតម្រូវការក្នុងស្រុក គឺហួសនឹងសមត្ថភាព ហើយព្រោះតម្លៃអចលនទ្រព្យនៅទីនោះ បានហក់ខ្ពស់ហួសឆ្ងាយពីតម្រូវការ និងកំរិតសេដ្ឋកិច្ចជាក់ស្តែង”។

លោកង៉ែត ជូ បានបន្តថា និយាយអោយចំគឺថា អ្នកក្រមិនហ៊ាន ដេករង់ចាំអ្នកមានមកម្តងទៀត។ នេះជាហានិភ័យជាក់ស្តែង នៃការវិនិយោគដោយព្រោះតែចង់មានឆាប់។

ទោះយ៉ាងណាក្តី នាពេលថ្មីៗកន្លងមក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ច ការសាងសង់សំណ​ង់នានា នៅខេត្តព្រះសីហនុចាប់ផ្តើម មានសកម្មភាពឡើងវិញបណ្តើរៗហើយ ដោយសារលទ្ឋផលនៃការប្រយុទ្ឋ ប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលមានភាពល្អប្រសើរ ដោយឃើញមានសកម្មភាព របស់អ្នកវិនិយោគចិនបានចាប់ផ្តើម ស្របពេលពួកគេបានវិលត្រលប់មកវិញបណ្តើរ ជាលទ្ធផលនៃការរីកចម្រើន នៃវិស័យទេសចរណ៍ក្នុងស្រុក ការកើនឡើងនូវការវិនិយោគ ក្នុងតំបន់ឧស្សាហកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here