អ្នកជំនាញ: ក្នុងឆ្នាំ២០២២ទីផ្សារអចលនទ្រព្យវៀតណាមនៅតែមានសញ្ញាសុទិដ្ឋិនិយម

ដោយៈសុខុម

ហាណូយ: ក្រុមអ្នកជំនាញលើកឡើងថា ក្នុងឆ្នាំ២០២២ នេះការបន្តគ្មានលំនៅដ្ឋានតម្លៃធូរថ្លៃ សម្រាប់ផ្គត់ផ្គង់នឹងធ្វើឱ្យទីផ្សារអចលនទ្រព្យ វៀតណាម ប្រឈមមុខអស្ថិរភាព និងមានហានិភ័យ។ នេះបើយោងតាមសារព័ត៌មាន Vietnamnet ចុះផ្សាយកាលពីថ្ងៃទី១៨ មករា។

របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១ ដោយ Cho Tot Nha បានបង្ហាញថា តម្រូវការដីធ្លីនៅគ្រប់ទីក្រុង និងខេត្តធំៗ មានសន្ទុះងើបឡើងយ៉ាងខ្លាំងបន្ទាប់ពីការបិទខ្ទប់។

តំបន់នានានៅជិតទីក្រុងហូជីមិញ អ្នកដើររកទិញដីមានចំនួនកើនឡើងយ៉ាងខ្លាំង។ នៅក្នុងទីក្រុងហូជីមិញ មានតំបន់ចំនួន៣ដែលទាក់ទាញវិនិយោគិនខ្លាំងបំផុត គឺសង្កាត់លេខ១២ ដែលទទួលបានកំណើន២,៥ដង សង្កាត់លេខ៩ ទទួលបានកំណើន២,១ដង និង ThuDuc City ទទួលបានកំណើន១,៩ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Duong Thuy Dung អ្នកជំនាញមកពីក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យ CBRE Vietnam បានថ្លែងកិច្ចប្រជុំកំពូលស្ដីពីអចលនទ្រព្យវៀតណាម ឆ្នាំ២០២១ (Vietnam Real Estate Summit –VRES 2021) ថា ទោះបីជាមានការរីករាលដាលវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏តម្លៃអចលនទ្រព្យ ក្នុងផ្នែកជាច្រើននៅតែបន្តហក់ឡើង។ តួយ៉ាង តម្លៃលក់អាផាតម៉ិន បានកើនឡើង១៧%ក្នុងក្រុងហាណូយ និង១៧%ក្នុងក្រុងហូជីមិញ។

និយាយពីផ្ទះប្រភេទ Townhouse និងវីឡាវិញ តម្លៃវីឡាបានកើនឡើង១៣%នៅក្រុងហាណូយ ចំណែកឯផ្ទះប្រភេទ Townhouse បានហក់ឡើងថ្លៃ៤% ហើយ Townhouse ដែលអាចបើករកស៊ីបានហក់ឡើង៣%។

យោងតាមលោក Nguyen Quoc Anh នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Batdongsan ឱ្យដឹងថា អចលនទ្រព្យនៅតែមានតម្រូវការខ្ពស់ ក្នុងឆ្នាំ២០២២។ ការស្ទង់មតិមួយដែលក្រុមហ៊ុននេះ ធ្វើឡើងបានរកឃើញថា ក្នុងចំណោមអ្នកឆ្លើយ នៅក្នុងការស្ទង់មតិនោះ ៩២%នឹងបន្តវិនិយោគលើអចលនទ្រព្យនៅឆ្នាំនេះ ៧៧%ចង់មានអចលនទ្រព្យបន្ថែមទៀត ហើយ៤៤%នឹងទិញអចលនទ្រព្យក្នុងពេល១ ឬ២ឆ្នាំខាងមុខ។

លោក Nguyen Hoang នាយកផ្នែកសិក្សាស្រាវជ្រាវ & អភិវឌ្ឍន៍នៃក្រុមហ៊ុន DKRA បានព្យាករថា ប្រសិនបើស្ថានភាពរីករាលដាលវីរុសកូវីដ-១៩ មិនកាន់តែធ្ងន់ធ្ងរទៅទេ ទីផ្សារអចលនទ្រព្យ នឹងទទួលបានសញ្ញាវិជ្ជ មានបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២១ ទាំងការផ្គត់ផ្គង់ថ្មីៗ និងសន្ទុះនៃការទិញ។

ដីក្នុងតាមតំបន់នានាជាប់ក្រុងហូជីមិញ និងទីក្រុងធំៗនឹងនៅតែមានតម្រូវការខ្ពស់បំផុតសម្រាប់អ្នកទិញ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ថ្មីប្រហែលជាមានមិនច្រើនទេ ដោយសារអាជ្ញាធរមូលដ្ឋាន កំពុងរឹតបន្តឹងការបែងចែកដីឡូត៍សម្រាប់លក់។

តាមការរំពឹងទុក អាផាតម៉ិននឹងមានភាពទាក់ទាញជាងគេ ក្នុងទីផ្សារអចលនទ្រព្យ ក្នុងក្រុងហូជីមិញ និងខេត្ត Binh Duong ខណៈផ្ទះប្រភេទ Townhouse វីឡា និងផ្ទះ Shophouse នឹងមានភាពទាក់ទាញជាងគេនៅខេត្ត Dong Nai និងខេត្ត Long An។

ទាក់ទិនផ្នែកទីផ្សារលក់រាយ អ្នកខ្លះបានលើកឡើងថា ថ្លៃឈ្នួលអគារសម្រាប់លក់រាយ គឺខ្ពស់ខ្លាំងពេក នៅមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩។ ហើយអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ តម្រូវការក្នុងទីផ្សារបានដាំក្បាលចុះខ្លាំងដោយសារការបិទខ្ទប់។

អចលនទ្រព្យប្រភេទរីហ្សតពឹងផ្អែកខ្លាំង លើស្ថានការណ៍វិវឌ្ឍន៍នៃវិស័យទេសចរណ៍។ ការព្យាករបង្ហាញថា ឧស្សាហកម្មទេសចរណ៍អាចនឹងងើបឡើងវិញពេញលេញនៅត្រឹមឆ្នាំ២០២៣។

ចំណែកឯអចលនទ្រព្យប្រណីត មានតម្លៃខ្ពស់កប់ពពក ដោយក្នុង១ម៉ែត្រការ៉េមានតម្លៃ ចន្លោះពី២០.០០០ដុល្លារអាមេរិក ទៅ៣០.០០០ដុល្លារអាមេរិក៕ Vietnamnet៕

LEAVE A REPLY

Please enter your comment!
Please enter your name here