កត្តា៥ជំរុញឱ្យខេត្តមណ្ឌលគីរីមានភាពទាក់ទាញការវិនិយោគវិស័យអចលនទ្រព្យ

ដោយ៖ លក្ខិណា​

ភ្នំពេញ ៖ ខេត្តមណ្ឌលគីរីគឺជាខេត្តមួយនៅប៉ែកឦសាននៃប្រទេស និងកំពុងមានការទាក់ទាញទៅលើការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ជាពិសេសការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តទេសចរណ៍មួយនេះផងដែរ ។ កត្តា៥ ត្រូវបានចាត់ទុកជាចំនុចទាក់ទាញដល់ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តមណ្ឌលគីរី ។

១.ជាប៉ូលសេដ្ឋកិច្ចថ្មីនៅកម្ពុជា ៖ មណ្ឌលគីរីត្រូវចាត់ទុកជាខេត្តដែលបានផ្គត់ផ្គង់បន្លែ ផ្លែឈើនិងសាច់ ទៅកាន់ទីផ្សារក្នុងស្រុកនិងនាំចេញ ព្រមទាំងជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយផងដែរ ។ ឆ្នាំ២០៣៥ កម្ពុជារំពឹងថាខេត្តមណ្ឌលគីរី នឹងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន៣លាននាក់ក្នុងមួយឆ្នាំ ។

២.គម្រោងសាងសង់ព្រលានយន្តហោះ ៖ គម្រោងនេះ ក៏បានទាក់ទាញវិនិយោគិនជាតិអន្តរជាតិជាច្រើនផងដែរដើម្បីទៅដាក់ទុនវិនិយោគ នៅក្នុងមណ្ឌលគិរី ដែលគម្រោងនេះមានចំងាយត្រឹមតែ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគីរីសាងសង់លើផ្ទៃដីជាង៣០០ហិចតាក្នុងទុនវិនិយោគ៨០លានដុល្លារអាមេរិក ។

៣. គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយធំៗ៖ នៅក្នុងខេត្តមណ្ឌលគីរីក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយធំៗនិងតូចៗជាច្រើនទៀតបាននិងកំពុងធ្វើសកម្មភាពសាងសង់ជាបន្តបន្ទាប់ដែលជាការផ្ដល់ទំនុកចិត្តដល់វិនិយោគិនជាច្រើនទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. ការបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម ៖ មានក្រុមហ៊ុនធំៗជាំច្រើនបាននិងកំពុងធ្វើសកម្មភាព ដាំដុះដំណាំសំខាន់ៗជាច្រើនប្រភេទ សម្រាប់បម្រើដល់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាស្វាយចន្ទី ចេកអំបូងលឿងជាដើម ។

៥.ជាខេត្តដែលមានច្រកព្រំដែនដល់ទៅ៤កន្លែង ៖ មណ្ឌលគីរីជាខេត្តមួយជាប់ជាមួយនឹងព្រំដែនប្រទេសវៀតណាម ហើយដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម រដ្ឋាភិបាលទាំងពីរបានសម្រេចបើកច្រកព្រំដែនថ្មីៗជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យ ដីធ្លីនៅតាមតំបន់ច្រកព្រំដែនមានហាងឆេងកាន់តែខ្ពស់ ។

បើតាមលោកមាឃ ឬទ្ធីជ័យ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តមណ្ឌលគីរីបានឱ្យដឹងថា បច្ចុប្បន្ន វិនិយោគិនក្នុងស្រុកជាច្រើនបានចូលមកកាន់ខេត្តមណ្ឌលគីរីដើម្បីរកមើលទីតាំងដីធ្លីដើម្បីត្រៀមអភិវឌ្ឍន៍នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ។ សកម្មភាពនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគីរី មានការកើនឡើងជាបន្តបន្ទាប់ ដូចជាដីធ្លីនៅជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគីរី ដីធ្លីនៅតំបន់ជិតច្រកព្រំដែនកម្ពុជាវៀតណាម ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here