ប្រធាន GRA លើកឡើងពីការប្រមូលប្រាក់ចំណេញមូលធនដែលអាចអនុវត្តន៍នៅឆ្នាំ២០២២

ដោយ: សុផារី

ភ្នំពេញ: បើមិនមានអ្វីប្រែប្រួលទេនោះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធនចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារពេល អនុវត្តន៍រយៈពេល១ឆ្នាំមកនោះ។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានលើកឡើងថា ការប្រមូលប្រាក់ចំណេញមូលធនបង្ហាញពីប្រក្រតីភាព នៃការរីកចម្រើនរបស់ប្រទេសមួយ។

លោកបានពន្យល់ថា ប្រាក់ចំណេញមូលធន ដើរលើប្រាក់ចំណេញពីការទិញ លក់អចលនទ្រព្យបែបរូបវ័ន្តបុគ្គល។ លោកបានលើកឧទាហរណ៍ថា ប្រសិនបើយើងទិញដីធ្លីមួយដុំ ដែលមានតម្លៃមួយលានដុល្លារ ក្នុងរយៈពេលពីរឆ្នាំក្រោយយើងលក់ដីនោះក្នុងតម្លៃ២លានដុល្លារ។ អញ្ចឹងមានន័យថា យើងចំណេញដីនោះ បាន១លានដុល្លារ។
ប្រសិនបើជាក្រុមហ៊ុន ត្រូវប្រកាសពីប្រាក់ចំណេញដឹងថា តើបានចំណាយអ្វីខ្លះ ក្នុងកំឡុងពេល២ឆ្នាំនេះ។ ដោយឡែកបើនិយា​យប្រាក់ចំណេញមូលធន សំដៅទៅលើបុគ្គល។

អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “ពន្ធលើចំណេញមូលធន” មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសំ សុខនឿន មានប្រសាសន៍ថា ជាធម្មតាសម្រាប់ប្រទេសដែលកំពុង មានការរីកចម្រើនរដ្ឋត្រូវការលុយ ដើម្បីយកមកអភិវឌ្ឍន៍៍។ យើងសង្កេតមើលថា ក្នុងប្រទេសកម្ពុជា ត្រូវតែធ្វើការប្រមូលពន្ធ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។

លោកថា “ប៉ុន្តែចាប់ផ្ដើមប្រមូលពន្ធប្រាក់ចំណេញ មូលធន ពេលនៅនោះ ប្រទេសកម្ពុជានឹងទទួលបាន ចំណូលបន្ថែមទៀតពីការទិញលក់របស់រូបវន្តបុគ្គលបន្ថែមទៀត”។

រហូតមកទល់ចង់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញមូលធន មិនថាសម្រាប់អ្នកវិនិយោគក្នុងស្រុកឬអ្នកវិនិយោគក្រៅស្រុកនោះទេ។

លោកយល់ឃើញថា ការចាប់ផ្ដើមនៃការប្រមូលពន្ធប្រាក់ចំណេញមូលធន គឺជាប្រក្រតីភាពមួយដ៏ល្អ សម្រាប់ការបង្ហាញនូវអត្តសញ្ញាណថា ប្រទេសកម្ពុជាយើង កំពុងតែមានការងើបឡើងផ្នែកវិស័យអចលនទ្រព្យ។

លោកសង្កេតឃើញថា ប្រជាជនកម្ពុជាយើងតែងតែឃើញថាការដែលរដ្ឋាភិបាល ចាប់ផ្ដើមប្រមូលពន្ធប្រាក់ ចំណេញមូលធន នោះគឺមានផលប៉ះពាល់ការទិញលក់។ លោកយល់ថា គឺពុំមានផលប៉ះពាល់នៃការទិញលក់នោះទេ។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកបានលើកឡើងដូច្នេះព្រោះ ប្រសិនបើក្រឡេកមកប្រទេស ដែលរីកចម្រើន ប្រទេសផ្សេងទៀត ដែលមានស្ថេរភាពផ្នែកអចលនទ្រព្យ ប្រាក់ចំណេញមូលធន បានអនុវត្តរាល់គ្រប់ប្រកាសទិញលក់ទាំងអស់។ សម្រាប់ប្រជាជនកម្ពុជាយើងសព្វថ្ងៃនេះ ពេលទិញលក់ដីមួយកន្លែងគឺបង់ពន្ធ តែពន្ធប្រថាប់ត្រាទេ។

លោកមានប្រសាសន៍ថា “វាមិនខុសគ្នាពីប្រាក់ចំណេញរបស់ក្រុមហ៊ុននោះទេ ហើយជាទូទៅប្រាក់ចំណេញ របស់ក្រុមហ៊ុនត្រូវបានទាំងនេះចំនួន២០% នៅប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ប្រសិ​នបើក្រុមហ៊ុនមួយ ហើយចុះបញ្ជីជាក្រុមហ៊ុន ត្រឹមត្រូវមួយនៅក្រសួងពាណិជ្ជកម្ម មានអាជ្ញាប័ណ្ណពន្ធប៉ាតង់ ត្រឹមត្រូវពីអគ្គពន្ធដា ដូចយើងតែងតែមានការប្រកាសជាប្រចាំខែ ដែលធ្វើឡើងដើម្បីបញ្ជាក់ពីបច្ចុប្បន្នភាព តើក្នុងមួយខែនេះយើងចំណេញឬខាត ប្រសិនបើចំណេញ តើចំណេញប៉ុន្មាន បើកខាត ខាតប៉ុន្មាន។”

ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញ ពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ៨០% នៃប្រាក់ចំណូលដែលទទួល បានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here