ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ អាចនឹងវិលទៅរកស្ថានភាពប្រក្រតីវិញនៅចុងឆ្នាំ២០២៣

ដោយៈសុខុម

បាងកក: មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីអចលនទ្រព្យមួយបានលើកឡើងកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ អាចនឹងវិលទៅរកកម្រិតដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩ វិញនៅចុងឆ្នាំ២០២៣ ដែលឆាប់ជាការព្យាករកាលពីលើកមុន ដោយសារតែការបន្ធូរបន្ថយវិធានការរឹតបន្តឹងលើឥណទានគេហដ្ឋាន និងការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេស។

ធនាគារកណ្តាលថៃ កាលពីខែតុលា បានបន្ធូរបន្ថយការរឹតបន្តឹងលើឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះ ដើម្បីជួយស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ជាវិស័យដ៏សំខាន់មួយ ដែលគ្របដណ្ដប់រហូតដល់ទៅប្រមាណ១០%​នៃផលិតផលក្នុងស្រុកសរុប (GDP) និងដែលផ្តល់ការងារដល់មនុស្សប្រមាណ២,៨លាននាក់។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ដែលជាអង្គភាពមួយស្ថិតក្រោមចំណុះធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank) បានចេញសេចក្តីថ្លែងការណ៍ថា ដំបូងឡើយវិស័យនេះ ត្រូវបានព្យាករថា នឹងវិលមករកភាពប្រក្រតីវិញ នៅឆ្នាំ២០២៥-២០២៧ ប៉ុន្តែវាអាចឆាប់រហ័សជាងនេះនៅពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Vichai Viratkapan ប្រធានស្តីទីនៃមជ្ឈមណ្ឌលខាងលើនេះបានថ្លែងថា “ការបន្ធូរបន្ថយលើឥណទានគេហដ្ឋាន និងការបើកប្រទេសឡើងវិញ​ នឹងធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យ មានសកម្មភាពរស់រវើកឡើងវិញ”។

លោកបានលើកឡើងបន្ថែមទៀតថា តាមការរំពឹងទុកការលក់ផ្ទះថ្មីៗនឹងធ្លាក់ចុះ៣៥% មកនៅត្រឹម៤៣.០៥១យូនីត នៅឆ្នាំ២០២១ មុនពេលកើនឡើងទ្វេរដងនៅឆ្នាំ២០២២។

ធនាគារកណ្តាលថៃ បាននិយាយនៅមុននេះថា ការបន្ធូរបន្ថយការរឹតបន្តឹងលើឥណទានគេហដ្ឋាន នឹងជួយឱ្យឥណទានគេហដ្ឋាន កើនឡើង៥០ពាន់លានបាត (១,៤៨ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ។

ទោះជាយ៉ាងណា លោក Vichai Viratkapan បានគូសបញ្ជាក់ថា ទោះបីជាមានការបន្ធូរបន្ថយ លើឥណទានគេហដ្ឋានក្ដី ក៏ធនាគារនានានៅតែប្រយ័ត្នប្រយែងដដែល ចំពោះការផ្ដល់ឥទានដល់អ្នកទិញផ្ទះ ស្របពេលសេដ្ឋកិច្ចកំពុងចុះខ្សោយ ខណៈឯវិស័យអចលនទ្រព្យ ក៏កំពុងប្រឈមនឹងតម្លៃកើនឡើង និងកង្វះកម្លាំងពលករចំណាកស្រុក ដោយសារការរីករាលដាលវីរុសកូវីដ-១៩។

កាលពីខែកន្លងទៅនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចថៃ នឹងទទួលបានកំណើន១%នៅឆ្នាំនេះ និង៤%នៅឆ្នាំ២០២២ ក្រោយពីធ្លាក់ចុះ៦,១%កាលពីឆ្នាំមុន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here