សម្តេចតេជោអញ្ជើញជាអធិបតីបើកសម្ភោធដំណើរការផ្លូវជាតិលេខ១១នៅព្រឹកថ្ងៃនេះ

ដោយៈគង់ សូរិយា

ព្រៃវែង/កំពង់ចាមៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធផ្លូវជាតិលេខ១១ ដែលផ្លួវសំខាន់នេះ ចំណាយថវិកាសាងសង់អស់ជិត១០០លានដុល្លារអាមេរិក។

ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត១០០គីឡូម៉ែត្រ ចំណា​យថវិកាជិត១០០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រ​ស​ព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ លើកកម្ពស់ និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់ ៦០សង់ទីម៉ែត្រ។ ក្នុងទទឹងតួផ្លូវប្រវែង១១ម៉ែត្រ មាន៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ដែល ចែកជា២គន្លង (១ទៅ ១មក) ផ្លូវសម្រាប់ទោចក្រយា​នយន្ត មាន ២គន្លង (១ទៅ ១មក) ដែលគន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង០,៥០ម៉ែត្រ។

ផ្លូវនេះសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤៤ខែ ប៉ុន្តែការសាងសង់ជាក់ស្តែងត្រឹមតែ៣០ខែប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាងផែនការគ្រោងទុក១៤ខែ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ៩៨.៣៨៨លានដុល្លារអាមេរិក រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here