កំណាត់ផ្លូវជាតិលេខ២១B ប្រវែង៣គីឡូម៉ែត្រក្នុងក្រុងតាខ្មៅនឹងត្រូវស្ថាបនាឡើងវិញ

ដោយៈ សុធារី

កណ្ដាលៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងនឹងធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ២១B (ផ្លូវលេខ១១៥ា) ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ (ស្ពានព្រែកហូរ) ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ឱ្យបានល្អរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាតដោយសារឡានដឹកខ្សាច់កិនកម្ទេចជារៀងរាល់ថ្ងៃ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកចុះពិនិត្យស្ថានភាពផ្លូវនេះ ដើម្បីសិក្សាមើលទៅលើការស្ថាបនា មានគម្រោងពង្រីកផ្លូវនេះឱ្យធំទូលាយ សិក្សាពីផលប៉ះពាល់ដំណោះស្រាយផ្សេងៗ ធ្វើយ៉ាងណាដើម្បីធ្វើផ្លូវមួយខ្សែនេះ ឱ្យបានធំទូលាយស្អាត រឹងមាំ ស្របតាមស្តង់ដា។

លោកក៏បានព្រមានវិធានការផ្លូវច្បាប់ផងដែរ ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ទាំងឡាយណាដែលហ៊ានល្មើស និងអំពាវនាវឱ្យមានការចូលរួមគោរព ច្បាប់ទាំងអស់គ្នា ពិសេសចៀសផុតពីការដឹកលើសទម្ងន់ ដឹកមិនគ្រប ខ្សាច់ហូរប្រឡាក់ថ្នល់ ដែលជាហេតុនាំឱ្យកើតបញ្ហាជារឿងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកសរសើរពីការអភិវឌ្ឍនៅមូលដ្ឋានក្រុងតាខ្មៅផងដែរ ដែលចាំបាច់ត្រូវការខ្សាច់ ថ្ម គ្រួសជាដើម ហើយណែនាំឱ្យមានការដឹកជញ្ជូន ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ ដើម្បីរួមគ្នាបញ្ចៀសការបំផ្លាញផ្លូវ និងបំផ្លាញបរិស្ថានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here