តើគួរវិភាគលើកត្តាអ្វីខ្លះ មុនពេលគិតពីផែនការពង្រីករាជធានីភ្នំពេញ?

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ផែនការ ក្នុងការពង្រីកផ្ទៃរាជធានីភ្នំពេញមានអង្កត់ផ្ចិតរហូតដល់ ១០០គីឡូម៉ែត្រ ប៉ុន្តែអ្នកជំនាញមើលឃើញថាលទ្ធភាព នៃការពង្រីកផ្ទៃដីរាជធានីភ្នំពេញតូចធំឬលឿនរហ័ស វាអាស្រ័យលើអត្រាកំណើនប្រជាជនលឿនឬយឺត។

ទោះជាយ៉ាងណាក្រុមអ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើ​ងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

លោកប៉ូ អ៊ាវគង់នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើនប្រជាជនលឿនឬយឺតដូចគ្នា។ បើសិនជាកំនើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជននៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ ។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ខ្ញុំគិតថា ទឹកដីរាជធានីវាមិនអាចពង្រី​កឱ្យផុតទឹកដីខេត្តកណ្ដាលទេ បើយើងគិតតាមប្រជាសាស្ត្រ ពីព្រោះការពង្រីក ការពង្រីកក្រុង ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំប្លង់មេត្រឹមត្រូវ”។ លោកបន្ថែមថា “បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះតែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ូ អ៊ាវគង់ បានបន្តថា ទាក់ទងនឹងការរៀបចំប្លង់មេ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិញក៏ត្រូវការពេលវេលា និងថវិកាច្រើនផងដែរ ដូច្នេះភ្លាមៗវាពិតជាមិនអាចទៅរួចនោះដែរ។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដីខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ។

លោកបន្តថា “នៅពេលរដ្ឋាភិបាលពង្រីកទីក្រុងភ្នំពេញជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញស្ទុះងើបមួយកម្រិតទៀតផងដែរ”។

លោកបន្តថា តម្លៃដីធ្លីនៅខេត្តជាប់រាជធានីភ្នំពេញ នៅពេលនេះគេអាចរកទិញបានក្នុងតម្លៃមួយទាប ប៉ុន្តែនៅពេលដែលមានការពង្រីករាជធានីភ្នំពេញ តម្លៃដីធ្លីនឹងមានការកើនឡើងទ្វេដង ឬអាចច្រើនជាងនេះបន្ថែមទៀត អាស្រ័យទៅលើសក្ដានុនៃតំបន់ទាំងនោះ។ ជាក់ស្ដែងតម្លៃដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនគេឃើញថា ក្នុងកម្រិតមួយទាបហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ តែពេលដែលមានការអភិវឌ្ឍឡើង តម្លៃដីធ្លីក៏ហក់ងើបឡើងជាមុនគួរឱ្យកត់សម្គាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here