មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក THAI BUNRONG ទំនងជា​ត្រូវបាន​លុបចោល

ដោយ​គង់ ម៉ា​លីន

ភ្នំពេញ៖ សកម្មភាព​សាងសង់​អាគារ​ភ្លោះ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កប់​ពពក​លំដាប់​ពិភពលោក Thai Bunrong Twin Tower មាន​សភាព​ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ ខណៈ​ប្រភព​ព៌​ត​មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា គំរោង​នេះ​អាច​នឹង​លុបចោល​នាពេល​អនាគត។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ដែល​ធ្លាប់​អះអាងថា ស្ថាបត្យករ​ចូលរួម​គូ​ប្លង់​គំរោង​នេះ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Thai Bunrong Group ដែលជា​អ្នក​អភិវឌ្ឍន៍​គំរោង​នេះ​មិនបាន​ឆ្លើយតប​សំណួរ​សុំ​ការពន្យល់​បានទេ។

លោក​ទួ​ស សា​ភឿន ធ្លាប់បាន​ឲ្យ​ដឹងថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​លំដាប់​ពិភពលោក ដែល​ធ្លាប់មាន​បទពិសោធន៍​សា​ង​សង់​អាគារខ្ពស់ៗមកពី​បួន​ប្រទេស កំពុង​សិក្សា​ពី​ការសាងសង់​អាគារ​នេះ។ លោក​បន្តថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​ចូលរួម​គូរ​ប្លង់​អាគារ​ភ្លោះ​កប់​ពពក​នេះ​មាន​មកពី​ប្រទេស​បារាំង សហរដ្ឋអាមេរិក ប្រទេស​ចិន និង​ក្រុម​ស្ថាបត្យករ និង​វិស្វករ​ពោរពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍​កម្ពុជា​ជាច្រើនរូប​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា  រហូតមកទល់​ពេលនេះ ក្រុម​អ្នកជំនាញ​និង​ក្រុមហ៊ុន បានសម្រេច​បន្ថែម​កំពស់​អាគារ​នេះ ដល់​កំពស់៥៦៨ម៉ែត្រ និង​បង្កើន​ទុនវិនិយោគ​ផ្នែក​សំណង់ រហូតដល់​ជាង៣០០០លាន​ដុល្លារ​អាមេរិក និង​ជាង៣០០០លាន​ដុល្លារ​ទៀត នឹងត្រូវ​ប្រើប្រាស់​ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​រស​រវើក។

លោក​ធ្លាប់បាន​អះអាង​ប្រកបដោយ​មោទនភាព​ថា “ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នេះ មិនមាន​ការប្រែប្រួល​ទេ។ វា​នឹង​ជា​មោទនភាព និង​ជា​កិត្យានុភាព​សម្រាប់​កម្ពុជា​នៅលើ​ពិភពលោក” ។ លោក​បន្តថា “មិនមាន​ប្រទេស​ទាំងអស់​អាចមាន​សម​ត្ថ​ភាព​សាងសង់​ទេ ជួនកាល​ពួកគេ​មាន​លុយ តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះឡើយ” ។

លោក​បន្តថា “យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​អាគារ​នេះ មាន​ភាព​ភាព​អស្ចារ្យ មិនមែន​រាប់បញ្ចូល​អង់​តែ​ន​នោះទេ គឺ​កំពស់​ជាង៥០០ម៉ែត្រ​នេះ ជា​អាគារ​ដែល​អាច​ប្រើប្រាស់​បាន​ដល់​ចំណុចកំពូល។

បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​សាកល និង​ការចាប់ខ្លួន​មហាសេដ្ឋី​ចិន ដែលជា​អ្នកវិនិយោគ​គំរោង​នេះ​នៅ​សហរដ្ឋអាមេរិក ទំនងជា​ហេតុផល​ពិតប្រាកដ នៅ​ពីក្រោយ​ការលុបចោល​គំរោង​ដ៏​មហិមា​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here