រដ្ឋាភិបាលដាក់ចេញអនុក្រឹត្យស្ដីពីអនុវត្តអាករបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីអនុវត្តអាករបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមច្បាប់ស្តីពីសារពើពន្ធ។ នេះបើយោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្គត់ផ្គង់ ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើពន្ធ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធ អេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅព្រះរាជាណាចក្រកម្ពុជាមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមជា ធរមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាល់អ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដោយផ្អែកតាមចំណាត់ថ្នាក់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការចុះបញ្ជីនេះ ត្រូវបានអនុវត្តសម្រាប់គោលដៅអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។

អ្នកជាប់ពន្ធអនិវាសនជន ដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធ
អេឡិចត្រូនិកមក អ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ពីខែដែល បានទូទាត់។

វិធាននិងឌីតិវិធីលម្អិតនៃការអនុវត្តអនុក្រឹត្យនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here