ការរៀបចំឥណទានឡើងវិញអាចធ្វើតាមយន្តការចំនួន៩

ដោយៈ លក្ខិណា

ភ្នំពេញ នៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈ ២០២១ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានសម្រេចផ្ដល់ការលើកលែងមួយចំនួដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារតែវិបត្តិជាពិសេសនោះគឺការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន ដែលការៀបចំឥណទានឡើងវិញនេះអាចធ្វើបានតាមយន្តការចំនួន។

យន្តការទាំង៩ របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន។
ទី២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។
ទី៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ទី៤. ការពន្យារឥណទានប្រតិទាន។
ទី៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន។
ទី៦. ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន។
ទី៧. ការលើកលែង ឬបន្ថយទ្រព្យធានា។
ទី៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា។
ទី៩. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សងដែលអាចមានរយៈពេលរហូតដល់ ៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថាគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។

ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀតក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ ។

សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា គ្រប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ មានរចនាសម្ព័ន្ធគ្រប់គ្រងប្រភពទុនប្រហាក់ ប្រហែលគ្នា គឺទុនផ្ទាល់របស់ភាគទុនិក ប្រមាណជា ១៥ភាគរយ ទុនមកពីកម្ចីរយៈពេលវែងនៅក្នុងស្រុក និងបរទេស ប្រមាណជា ១៥ភាគរយ (ធនាគារក៏ជាកូនបំណុលផងដែរ) និងទុនបានមកពីអតិថិជន និងសាធារណជនដែលបានដាក់ប្រាក់បញ្ញើសន្សំប្រមាណជា
៧០ភាគរយ។

វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ប្រៀបបាននឹងឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ មានកាតព្វកិច្ចអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគោលការណ៍ទាំងឡាយឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថាគ្រឹះស្ថាននឹងនៅតែមានស្ថានភាពរឹងមាំគ្រប់កាលៈទេសៈ ដើម្បីបម្រើសេវាហិរញ្ញវត្ថុតាមតម្រូវការជូនដល់អតិថិជន ព្រមទាំងទទួលខុសត្រូវយ៉ាងពេញលេញរាល់កាតព្វកិច្ចចំពោះដៃគូដែលបានផ្តល់កម្ចីដល់គ្រឹះស្ថាន ភាគទុនិករបស់ខ្លួន និងអតិថិជន ព្រមទាំងសាធារណជនដែលកំពុងដាក់ប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here