សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយបន្ថែមជិត១លានដុល្លាររដល់កម្ពុជាសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ន

          ដោយៈលក្ខិណា

ភ្នំពេញៈ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) បានសម្រេចផ្ដល់ជំនួយដល់កម្ពុជា ចំនួនជិតជិត៩០ម៉ឺនដុល្លារអាមេរិក បន្ថែមទៅលើជំនួ​យមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្កា រនិងឆ្លើយតបចំពោះ គ្រោះមហន្តរាយធម្មជាតិនិងវិបត្តិនានានៅកម្ពុជា។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមានប្រសាសន៍ថា ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់ឆ្នាំមុន បានបង្ហាញពីភាពចាំ​បាច់ ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើផលប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិរបស់កម្ពុជា។

លោកបន្តថា “យើងមានមោទនភាព ក្នុងការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិទាំងនេះនៅកម្ពុជា”។លោកបន្តថា “ថវិកាដែលទទួលបានពីការិយាល័យជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID នេះ នឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ  ដែលទីភ្នាក់ងារ USAID បានគាំទ្រតាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២”។

លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានប្រសា​សន៍ថា ជំនួយនេះនឹងជួយដល់ដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមខ្លួននិងឆ្លើយតបចំពោះវិបត្តិទាំងនេះ ដោយប្រើប្រាស់ព័ត៌មានដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន៧០ម៉ឺនដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍រងគ្រោះ ដោយទឹកជំនន់នៅកម្ពុជា។ កម្មវិធីស្បៀងអាហារពិភពលោក នឹងប្រើជំនួយបន្ថែមនេះ ដើម្បីពង្រឹងសមត្ថភាពដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការមនុស្សធម៌ តាមរយៈវិធីសាស្រ្តការសម្របសម្រួល បច្ចេកវិទ្យា និងឧបករណ៍នានា ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអង្គការមិនមែនរដ្ឋាភិបាល និងដៃគូស្រាវជ្រាវនិងវិទ្យាសាស្ត្រ កម្មវិធីស្បៀងអាហារពិភពលោកនឹងពង្រឹងប្រព័ន្ធព័ត៌មាន សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិ ដែលមានស្រាប់ ដែលមានឈ្មោះថា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (ឬហៅកាត់ថា PRISM) ដោយកែលម្អសមត្ថភាពតាមដាន គ្រោះវិបត្តិអាកាសធាតុ ប៉ាន់ស្មានផលប៉ះពាល់ទៅលើប្រជាជន និងកំណត់គោលដៅផ្ដល់ជំនួយបន្ទាន់ដល់កន្លែងដែលត្រូវការជំនួយបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here