ត្រីមាសទី១នៃឆ្នាំនេះ ស្ថានភាពទីផ្សារអចលនទ្រព្យរួមនៅតែជួបភាពអួរអ័ព្ទដូចមេឃរកភ្លៀង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ឈានមកដល់ដំណាច់ត្រីមាសទី១ដើមឆ្នាំ២០២១នេះ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅតែបន្តជួបភាពប្រឈមខ្លាំង ទាំងការទិញលក់ ក៏ដូចជាការជួលបើទោះបីកម្ពុជា ទទួលបាននូវវ៉ាក់សាំង សម្រាប់ចាក់ប្រឆាំងទៅនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា  តាមស្ថានភាពជាក់ស្តែង ពោលគឺស្ថិតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនៅមិនទាន់មានសន្ទុះឡើងវិញនោះទេ ដោយភាពប្រឈម និងឱនភាពទាំងនេះបណ្តាលមកពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានធ្វើឱ្យមនុស្សជាច្រើន មានភាពភ័យខ្លាចមិនអាចចេញទៅណារួច និងចូលរួមគោរពអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល។

លោកបានបន្តថា “នៅក្នុងដំណាក់កាលនេះ មិនថាចំពោះតែរកស៊ីក្នុងវិស័យអចលទ្រព្យ ឬអាជីវកម្មក្នុងវិស័យដទៃនោះទេ ម្នាក់ៗសិទ្ធតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យតែបានមួយរស់សិន និងអាចដំណើរការអាជីវកម្មរបស់ខ្លួនបានប៉ុណ្ណោះ”។ លោកបន្តថា “យ៉ាងណាក៏ដោយផលប៉ះពាល់នេះ មិនមែនតែចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ  ប៉ុន្តែស្ទើរតែគ្រប់វិស័យទាំងអស់ ក៏រងផលប៉ះពាល់ដូចគ្នាឬធ្ងន់ជាងនេះ”។

លោកសសុខនីមបានបន្តថា ស្ថានភាពឥឡូវវាមិនស្រួលទេ…ណាមួយយើងទើបមានវ៉ាក់សំាង ប៉ុន្តែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅបន្តរាលដាលគួរឱ្យ​បារម្ភ ដែលនៅមិនទាន់បានបញ្ចប់ ដូច្នេះបានធ្វើឱ្យមនុស្សរអានឹងការឆ្លងខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ លោកច្រឹក សុខនីម មើលឃើញទីផ្សារលំនៅឋានដែលមានតម្លៃសមរម្យនៅតែមានដំណើរការ និងប្រតិបត្តិការទិញលក់ជាធម្មតា បើទោះស្ថិតនៅក្នុងកម្រិតទាប។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានទទួលស្គាល់ថា រហូតមកដល់ពេលនេះ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅតែបន្តរងផលប៉ះពាល់ និងមិនទាន់បានស្រាកស្រាននៅឡើយទេ ប៉ុន្តែក៏នៅមានប្រតិបត្តិការទិញលក់ខ្លះដែលស្ថិតក្នុងកម្រិតទាប។

លោកបន្តថា “ទោះជាយ៉ាងណាទីផ្សារអចលនទ្រព្យ វាមិនអាចស្ងាត់ឈឹង១០០ភាគរយនោះទេ ដោយសារតែអ្នកដែលមានបញ្ហាហិរញ្ញវត្ថុ ឬស្ទះលុយខ្លាំងគាត់ព្យាយាមលក់ក្នុងតម្លៃទាប”។ លោកបន្តថា  “នៅពេលដែលគាត់ស្ទះខ្លាំង គាត់នឹងបញ្ចេញអចលនវត្ថុរបស់គាត់ ទោះជាលក់បានក្នុងតម្លៃទាបជាងទីផ្សារក៏គាត់លក់ ដូច្នេះសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ នឹងរង់ចាំទទួលទិញទុកលក់បន្ត យកចំណេញក្រោយពេលវិបត្តិត្រូវបានបញ្ចប់”។

លោកឡុង គីមសួគ៌ បានបញ្ជាក់ថា ការលក់ចេញតាមតម្លៃទីផ្សារ គឺមិនមានអ្នកយកទេ ព្រោះអតិថិជនដែលទិញ នៅក្នុងកំឡុងពេលនេះមានចំនួនតិច ដូច្នេះគាត់ត្រូវតែបង្ខំលក់អចលនទ្រព្យរបស់គាត់ក្រោមតម្លៃទីផ្សារ។ នៅតែពេលដែលមានអ្នកមានធនធា​នគេនឹងទិញយកហើយ ដើម្បីទុកលក់នៅពេលណាមួយក្រោយចប់កូវីដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here