FTAផ្តល់ឳកាសឲ្យកម្ពុជានាំចេញទំនិញជាង១ម៉ឺនមុខទៅកាន់ទីផ្សារប្រទេសចិន

ដោយៈលក្ខិណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជា និងចិនបានបញ្ចប់ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយគ្នា ក្នុងនោះកម្ពុជាអាចនាំចេញទំនិញទៅកាន់ប្រទេសចិន កាន់តែច្រើនតាមការចរចាជាមួយគ្នា ដោយសារតែ ទីផ្សារចិនជាទីផ្សារធំមួយនៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន បានអោយដឹងក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២៨ កក្កដានេះថា តាមរយៈការចរចាកន្លងមកជាមួយភាគិចិន លទ្ធផលដែលទទួលបាននោះ គឺទំនិញកម្ពុជាប្រមាណជាង១ម៉ឺនមុខ នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមានទាំងសាច់សត្វ ផលិតផលកសិកម្ម អាហារកំប៉ុង ភេសជ្ជៈកំប៉ុង និងផលិតផលជាច្រើនទៀត ដែលលើសពីការនាំទំនិញចូលពីប្រទេសចិន មកកាន់កម្ពុជាច្រើនជាង ៣៤០មុខ។

លោកបន្តថា“យ៉ាងណាក៏ដោយទំនិញទាំងនោះ ត្រូវតែជាទំនិញដែលមានស្ដង់ដារភូតគាមអនាម័យត្រឹមត្រូវ ដូច្នេះសហគ្រិន និងអ្នកផលិត ត្រូវបង្កើនគុណភាពទំនិញរបស់ខ្លួន ដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារចិន នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចូលជាធរមាន”។

លោក សុខ សុភ័ក្រ្ត បានបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និង ចិន នឹងអាចទាញវិនិយោគិនមកពីក្រៅប្រទេស ក៏ដូចជាវិនិយោគិនក្នុងស្រុក ក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីផលិតទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំមួយនៅលើពិភពលោក។

លោកបន្តថា “ការវិនិយោគពីក្រៅប្រទេស ដើម្បីផលិតនាំចេញនឹងអាចផ្ដល់ប្រ​យោជន៍ដល់កម្ពុជា តាមរយៈការផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋក្នុងស្រុក បង់ពន្ធជូនរដ្ឋដែលអាចបង្កើនចំណូលពន្ធរបស់រដ្ឋ សម្រាប់អភិវឌ្ឍន៍ប្រទេសជាដើម”។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា នៅពាក់កណ្ដាលខែក្រោយនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីកម្ពុជាចិន នៅទីក្រុងប៉េកាំងហើយ ក៏ជាពេលវេលាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះចូលជាធរមានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here