ធនាគារអាស៊ីបូព៌ាប្រកាសលក់អាជីវកម្មធានារ៉ាប់រងអាយុជីវិតទៅឱ្យក្រុមហ៊ុនAIAក្នុងតម្លៃ៦៥៣លានដុល្លារ

ដោយៈ សុខុម

ហុងកុង: ធនាគារអាស៊ីបូព៌ា (Bank of East Asia – BEA) បានប្រកាសថា ខ្លួននឹងលក់អាជីវកម្មធានារ៉ាប់រងអាយុជីវិតរបស់ខ្លួនឱ្យទៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំបំផុតនៅក្រុងហុងកុង AIA Group Limited។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី២៤ មីនា។

យោងតាមសេចក្តីថ្លែងការណ៍មួយឱ្យដឹងថា ធនាគារ BEA ដែលមានមូលដ្ឋាននៅក្រុងហុងកុង ដែរនេះនឹងទទួលបានសាច់ប្រាក់៥,០៧ពាន់លានដុល្លារហុងកុង (៦៥៣ លានដុល្លារអាមេរិក) ពីការលក់នេះ ហើយនឹងក្លាយជាអ្នកចែកចាយផ្តាច់មុខនូវសេវាកម្មធានារ៉ាប់រងអាយុជីវិត និងផលិតផលដាក់សន្សំប្រាក់រយៈពេលវែងរបស់ក្រុមហ៊ុន AIA នៅក្រុងហុងកុង ម៉ាកាវ និងនៅទីក្រុងចិន ដីគោកចំនួន ៩ ក្នុងតំបន់ Greater Bay Area (GBA) (ខេត្តគ័ងតុង-ក្រុងហុងកុង-ម៉ាកាវ) រយៈពេល ១៥ ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jacky Chan នាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមហ៊ុន AIA បានលើកឡើងតាមរយៈរបាយការណ៍ផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង ថា “សមត្ថភាពបន្ថែម និងកាន់តែទូលំទូលាយ របស់យើងនៅទូទាំងតំបន់ GBA ធ្វើឱ្យក្រុមហ៊ុន AIA និងធនាគារ BEA មានលទ្ធភាពកសាងភាពជាដៃសហការដ៏ល្អគ្មានពីរ និងទាញយកសក្តានុពលកំណើន នៅពេលតំបន់កំពុងរីកចម្រើន”។

ធនាគារ BEA នឹងទទួលបានប្រាក់ចំណេញ១ពាន់លានដុល្លារហុងកុង (១២៨,៧ លានដុល្លារអាមេរិក) ពីការលក់នេះដែលត្រូវបានប្រកាសជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោយការពិនិត្យឡើងវិញរយៈពេលរាប់ខែ លើអាជីវកម្មនានារបស់ធនាគារ BEA ដែលជំរុញដោយក្ដីក្ដាំតុលាការដ៏អូសបន្លាយ របស់ម្ចាស់ភាគហ៊ុនជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិការពារហានិភ័យសហរដ្ឋអាមេរិក Elliott Management របស់លោក Paul Elliott ជុំវិញការតម្រង់ទិសរបស់ធនាគារនេះ។

ធនាគារចំណាស់រាប់សតវត្សរ៍ ដែលគ្រប់គ្រងដោយគ្រួសារត្រកូល លី (Li) ចាប់តាំងពីឆ្នាំ១៩១៨ មកនេះធ្លាប់បានលើកឡើងថា ការលក់ក្រុមហ៊ុនធានារ៉ាប់រង BEA Life នឹងជួយបង្កើនតម្លៃអាជីវកម្មរបស់ខ្លួន ធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនប្រសើរឡើង និងផ្ដល់លទ្ធភាពឱ្យគណៈគ្រប់គ្រងផ្ដោតលើប្រតិបត្តិការធនាគារ ដែលជាអាជីវកម្មស្នូលរបស់ខ្លួននៅក្រុងហុងកុង និងចិនដីគោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here