ការផលិតអំបិលមានសកម្មភាពឡើងវិញនៅក្នុងបរិបទកូវីដ១៩

ភ្នំពេញ៖ នៅមុនវិបត្តិកូវីដ១៩ សកម្មភាពផលិតអំបិលនៅក្នុងភូមិសាស្ត្រខេត្តកំពតនិងកែប បានបាត់បង់ច្រើន ដោយកត្តាជាច្រើន តែនៅក្នុងបរិបទនៃជំងឺកូវីដ១៩ នេះ សកម្មភាពនៃការផលិតអំបិលរបស់ផលិតករក្នុងភូមិសាស្ត្រទាំងនោះ ឃើញថាកម្រើកឡើងវិញបណ្ដើរៗហើយ ។

បើតាមលោកតុង ខ្លឹង ផលិតករអំបិលមួយរូបនៅខេត្តកំពតបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ គេឃើញថាកសិករដែលបានបោះបង់ចោលនូវរបរផលិតអំបិលបានងាកមកផលិតឡើងវិញ ហើយស្រែអំបិលដែលធ្លាប់ទុកចោលក៏ចាប់ផ្ដើមពង្រាបដី និងបូមទឹកសមុទ្រដាក់បញ្ចូលស្រែបណ្ដើរៗផងដែរ ដោយសារតែកំលាំងពលកម្មក្នុងស្រែអំបិលចាប់ផ្ដើមកំណើនឡើងវិញ។

លោកបន្តថា កាលពីមុនកូវីដ១៩ ផលិតករអំបិលពិបាកក្នុងការរកកម្មករសម្រាប់ធ្វើស្រែអំបិលណាស់ ដោយមួយចំនួនបានធ្វើដំណាកស្រុកទៅធ្វើជាការកម្មករសំណង់ ហើយយុវជនពេញកំលាំងទៅធ្វើការនៅរោងចក្រក្រោមម្លប់ និងការងារស្រួលជាងកម្មកររែកអំបិល។ ប៉ុន្តែ ចាប់តាំងពីកូវីដ១៩មក អ្នកចំណាកស្រុកទៅធ្វើការនៅថែបានត្រលប់មកវិញ ហើយមិនអាចត្រលប់ទៅស្រុកថៃវិញបានក៏រកការងារក្នុងស្រុកធ្វើ ។ គាប់ជួននឹងការងារក្នុងរោងចក្រមួយចំនួនទៀតបានផ្អាក និងព្យួរធ្វើឱ្យកំលាំងពលកម្មសល់ច្រើនដូច្នេះពួកគេមួយចំនួនក៏ធ្វើការក្នុងស្រែអំបិលវិញ ។

លោកបន្ថែមថា កាលមុនកូវីដ១៩ ស្រែអំបិលមួយចំនួនក៏ត្រូវបានប្រកាសលក់ឱ្យវិនិយោគិនដើម្បីអភិវឌ្ឍន៍ជាអ្វីមួយ ប៉ុន្តែដោយសារតែវិបត្តិស្រែអំបិលទាំងនោះត្រូវទុកចោល ហើយម្ចាស់ដីស្រែអំបិលថ្មីក៏អនុញ្ញាតឱ្យកសិករធ្វើស្រែអំបិលដើម្បីយកផលសិន មុននឹងគេអភិវឌ្ឍ ។

លោកខ្លឹង បញ្ជាក់ថា សម្រាប់ឆ្នាំ ២០២១នេះ លោកគិតថាទិន្នផលអំបិលអាចផ្គត់ផ្គង់គ្រប់គ្រាន់ដោយមិនចាំបាច់នាំចូលពីចិនឬពីឥណ្ឌាមកទៀតឡើយ ព្រោះថាខេត្តជាប់ព្រំដែនវៀតណាមមួយចំនួន បាននាំចូលអំបិលពីវៀតណាមមកផ្គត់ផ្គង់ទៅហើយ ដូច្នេះអំបិលក្នុងឃ្លាំងរបស់កសិករផលិតអំបលក្នុងខេត្តកំពតអាចគ្រប់សម្រាប់ទីផ្សារក្នុងស្រុក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកសាមឿន កសិករផលិតអំបិលមួយរូបនៅក្នុងខេត្តកំពតក៏បាននិយាយថា ចាប់តាំងពីសហគមន៍ត្រូវរំលាយ កសិករអាចលក់អំបិលទៅឱ្យឈ្មួញណាក៏បានដែរត្រូវតម្លៃគ្នា ហើយការផលិតក៏ធ្វើទៅតាមតម្រូវការរបស់ទីផ្សារនោះដែរ ។ សម្រាប់ទិន្នផលអំបិលវិញ មកដល់ពេលនេះ មិនទាន់បញ្ជាក់បានថាអាចលើសឬតិចជាងឆ្នាំមុននោះទេ ដោយសារតែការផលិតអំបិលគឺពឹងលើអាកាសធាតុ បើរដូវប្រាំងអូសបន្លាយយូរ ទិន្នផលនឹងបានច្រើន តែបើរដូវវស្សាឆាប់ចូលមកដល់ ទិន្នផលក៏បានតិចទៅតាមនេះដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here