ចំណេះដឹងហិរញ្ញវត្ថុ! ហេតុអ្វីត្រូវទុកលុយនៅក្នុងធនាគារ?

ដោយៈ លក្ខិណា

ភ្នំពេញៈ កាលពីសម័យមុនគេទុកដាក់លុយនៅក្រោមខ្នើយនៅផ្ទះ ហើយម្ចាស់ទ្រព្យក៏មិនហ៊ានចេញដើរទៅណាមកណាឆ្ងាយចោលផ្ទះដែរព្រោះតែបារម្ភពីសុវត្ថិភាពទ្រព្យសម្បត្តិរបស់ខ្លួន ដែលទុកដាក់នៅក្នុងផ្ទះដោយខ្លាចចោរលួចជាដើម។

ក្រោយមកគេបានប្តូរឥរិយាបថដោយទុកលុយកាក់ដែលសន្សំបានមួយចំនួនទៅក្នុងប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ ហេតុអ្វីត្រូវទុកលុយនៅក្នុងធនាគារ ឬមីក្រូហិរញ្ញវត្ថុ ហើយវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់ម្ចាស់ទ្រព្យ ?

យោងតាមក្រុមអ្នកជំនាញ ហិរញ្ញវត្ថុ បានបង្ហាញពីចំនុចសំខាន់ៗមួយចំនួន ដែលគួរដាក់ប្រាក់នៅក្នុងប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុដោយមិនគួរទុកលុយនៅជាប់ខ្លួន ឬទុកនៅផ្ទះដូចសម័យបុរាណទៀតឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) សុវត្ថិភាពក្នុងការដាក់ប្រាក់និងគ្រប់គ្រងសាច់ប្រាក់ ៖ ការព្រួយបារម្ភជាច្រើនបានចោទឡើង ទាក់ទងនឹងសុវត្ថិភាពក្នុងការដាក់ប្រាក់នៅធនាគារ ពេលមានវិបត្តិពិភពលោក កូវីដ១៩ ។ ដោយសារសេដ្ឋកិច្ចពិភពលោកទទួលការប៉ះទង្គិចពី វិបត្តិកូវីដ នាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចធនាគារក្ស័យធន ឬ កើតមានចលាចលណាមួួយក្នុងសង្គម ដែលអាចជាហេតុនាំឲ្យប្រជាពលរដ្ឋសម្រុកទៅដកលុយពីធនាគារមកដាក់នៅផ្ទះវិញ ឬមិនហ៊ានតម្កល់លុយទុកក្នុងធនាគារទៅវិញ ។

តាមពិតទៅ ការទុកដាក់ប្រាក់នៅធនាគារមានសុវត្ថិភាពជាងការទុកដាក់ប្រាក់នៅជាប់ខ្លួន ឬនៅផ្ទះចោល ព្រោះធនាគារនីមួយៗមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការរៀបចំត្រឹមត្រូវ ដូចជាផែនការហិរញ្ញវត្ថុរបស់ធនាគារ ប្រាក់តម្កល់នៅធនាគារជាតិ កិច្ចសន្យា ជាពិសេសគឺអាជ្ញាប័ណ្ណនិងគោលការណ៍ច្បាស់លាស់។ ម្យ៉ាងទៀត ចាប់តាំងពីមានវិបត្តិកូវីដ ១៩ ក្នុងប្រទេសកម្ពុជាមក មិនទាន់មានធនាគារណាមួយជួបបញ្ហាឈានដល់ការប្រកាសបិទទ្វារនៅឡើយទេ។

ទី២) ដាក់តម្កល់ធ្វើជាទ្រព្យសម្រាប់ចំណាយនៅពេលអាសន្ន ៖ អ្នក
អាចសន្សំលុយរបស់អ្នកនៅធនាគារ ដើម្បីបម្រុងសម្រាប់បញ្ហាអាសន្ននៅពេលខាងមុខដែលយើងមើលមិនឃើញ ដូចជាបញ្ហាសុខភាព ពេលអត់ការងារធ្វើ គ្រោះថា្នក់ចៃដន្យ ថ្លៃជួសជុលសម្ភារផ្សេងៗ ជាដើម ដែលវាអាចធ្វើអោយយើងមានអារម្មណ៍សុវត្ថិភាពផ្នែកហិរញ្ញវត្ថុផង។

ទី៣) ទទួលបានការប្រាក់៖ អ្នកក៏អាចទទួលបានប្រាក់ចំណេញជាមួយនឹងការប្រាក់ដែលទទួលបានពីការដាក់ប្រាក់នៅធនាគារថែមទៀតផង ។ ការផ្ញើលុយទុកនៅធនាគារមានច្រើនជម្រើស ច្រើនប្រភេទ ទៅតាមធនាគារផ្សេងៗគ្នា រីអត្រាការប្រាក់ក៏ខុសគ្នាដែរ ។ ហេតុនេះអ្នកអាចសិក្សាជាមុនសិនទៅលើធនាគារផ្សេងៗគ្នា ប្រភេទគណនីបញ្ញើសន្សំ និងអត្រាការប្រាក់ មុននឹងសម្រេចបង្កើតគណនីដាក់សាច់ប្រាក់។ ដូចបានលើកឡើងអញ្ចឹងថាធនាគារនីមួយៗមានលក្ខខណ្ឌក្នុងការផ្ញើប្រាក់ ការគិតអត្រាការប្រាក់ដែលអាចអាស្រ័យលើរយៈពេលសន្សំ និងអត្ថប្រយោជន៍ផ្សេងៗពីគ្នា។

ទី៤) មានភាពងាយស្រួល និងសុវត្ថិភាពក្នុងការចាយវាយ៖ វាកាន់តែងាយស្រួលពេលយើងចង់ចាយវាយក្នុងការទិញទំនិញ រឺបង់កម្រៃផ្សេងៗដោយគ្រាន់តែប្រើប្រាស់កាតធនាគារ រឺទូទាត់លុយតាមប្រព័ន្ធឌីជីថលដូចជាmobile appក៏បាន។ ម្យ៉ាងទៀត ប្រសិនបើកាតធនាគារនោះមានភ្ជាប់ជាមួយនឹង Visa Card រឺ Master Card រឺ Western Union ផងនោះ អ្នកក៏អាចទិញទំនិញonlineពីក្រៅប្រទេសយ៉ាងងាយស្រួល ដោយទូទាត់ប្រាក់ចេញពីគណនីធនាគាររបស់អ្នក។

នៅក្នុងវិបត្តិកូវីដ១៩ នេះមានមនុស្សជាច្រើនបានផ្លាស់ប្តូរពីរបៀបនៃការចាយវាយដោយកាត់បន្ថយការប្រើក្រដាស់ប្រាក់ងាកមកប្រើប្រព័ន្ធទូទាត់ឌីជីថលជំនួសវិញ ហើយដើម្បីអាចទូទាត់តាមឌីជីថលនេះបាន គឺទាមទារឱ្យមានដំកល់ប្រាក់នៅក្នុងប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here