រដ្ឋមន្រ្តីក្រសួងកសិកម្មៈ វិស័យផលិតកម្មសត្វបាននិងកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានលើកឡើងថា វិស័យផលិតកម្មសត្វមានការវិវឌ្ឍន៍រីកចម្រើន គួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវិស័យនេះបាន និងកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

លោករដ្ឋមន្រ្តីបានសរសេរលើFacebook Pageផ្លូវការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វិស័យផលិតកម្មសត្វ (គោ) មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិស័យគ្រឿងយន្តកសិកម្ម (ធន់ស្រាល និងធន់ធ្ងន់) បានចូលមកបំពេញតួនាទី នៅក្នុងវិស័យផលិតកម្មដំណាំស្រូវ ដំណាំចម្ការ និងបន្លែ ជំនួសឲ្យកំលាំង (គោ និងក្របី) វិញ។

លោកបានថ្លែងថា “ម្ចាស់គោ-ក្របី បានបង្វែរទិសដៅពីការចិញ្ចឹម ដើម្បីប្រើប្រាស់ជាកំលាំង ទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ ដែលបរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច”។
ជាច្រើនទសវត្សរ៍មកហើយ ការចិញ្ចឹមគោរបស់បងប្អូនប្រជាកសិករ គឺពួកគាត់លែងសត្វឲ្យដើរ រកស៊ីពាសវាលពាសកាល (វាលស្រែ ទីសាធារណ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ) ដែលទម្លាប់នេះ ធ្វើឲ្យសត្វគោប្រឈមនឹងជំងឺឆ្លង និងជាពិសេសការដោយញីដោយឈ្មោលតាមបែបធម្មជាតិ ដែលជាហេតុធ្វើឲ្យសត្វជាន់ឈាម កូនគោកើតមកធំធាត់យឺត កាត់តែតូចទៅៗ និងងាយឆ្លងជំងី។

ផ្ទុយមកវិញ បច្ចុប្បន្នប្រជាកសិករចិញ្ចឹមគោជាលក្ខណពាណិជ្ជកម្ម ចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋាន ដោយអនុវត្តទៅតាមគោលការណ៍៣ សំខាន់គឺ៖ ពូជ ចំណី និងការថែទាំ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្មបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោល្អៗមកបង្កាត់ ធ្វើយ៉ាងណាឲ្យស្របតាមតម្រូវការសាច់ និងផលិតផលសាច់ ធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសត្រូវជ្រើសរើសពូជគោល្អៗដែលអាចធន់ទ្រំបាន ឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពតំបន់ត្រូពិច និងជាពិសេសមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើ ការណែនាំ ឬបង្កាត់ពូជជូនកសិករ ប្រយោជន៍ធ្វើការកែលម្អផលិតកម្មគោនាពេលអនាគត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

អនុវត្តតាមការណែនាំរបស់លោករដ្ឋមន្ត្រី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក។ បច្ចុប្បន្នគម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង (នេះបើតាមការបញ្ជាក់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៨ ខែមីនា)។

ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ២០១៩ មកដល់ខែមីនា ឆ្នាំ២០២១នេះ គម្រោងសម្រេចបង្កាត់គោបានសរុបចំនួន៧៤២៣ ក្បាល និងកូនកើតបានចំនួន៤៨៣៣ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក។
ជាងនេះទៅទៀត គម្រោងបានផលិតទឹកមេជីវិតបង្កកបាន៥៥៦០ដើម ផលិតទឹកអាសូត និងចែកចាយបាន១០,០០០លីត្រ បានបណ្តុះបណ្តាល និងអនុវត្តបច្ចេកទេសជាក់ស្តែងអំពីបង្កាត់សិប្បនិម្មិត ជូនដល់មន្រ្តីជំនាញនៃខេត្តគោលដៅសរុបចំនួន២១នាក់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here