ដោយៈលក្ខិណា
ភ្នំពេញៈ កម្ពុជានៅតែត្រៀមខ្លួនជានិច្ច ក្នុងការស្វាគមន៍អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ និងអនាគត ទោះបីជាបច្ចុប្បន្នក៏ដូចជាពិភពលោកទាំងមូល កំពុងជួបវិបត្តិនឹងជំងឺសាកលក្ដី។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ កក្កដាកន្លងមកថា នៅពេលប្រទេសមានការអភិវឌ្ឍន៍ តម្រូវការទៅលើអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយអ្នកវិនិយោគ ដែលមកពីក្រៅប្រទេសរួមទាំងក្នុងស្រុកក្ដី ក៏ត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ផងដែរ មុននឹងគេជ្រើសរើសយកដៃគូ ដើម្បីវិនិយោគលើគម្រោងរបស់ពួកគេ។
លោកបន្តថា “នៅពេលដែលមានក្រុមហ៊ុនណា អាចបណ្ដុះបណ្ដាលធនធានមនុស្សបានកាន់តែច្រើន វាក៏ជាឱកាសក្នុងការចាប់យកអ្នកវិនិយោគនៅពេលអនាគត ព្រោះថា អ្នកវិនិយោគពិតណាស់គេចង់បានភ្នាក់ងារណា ដែលមានជំនាញនិងវិជ្ជាជីវៈខ្ពស់ដើម្បីណែនាំឬផ្ដល់យោបល់ក្នុងការវិនិយោគរបស់ពួកគេ” ។
ប្រធាន CVEA រូបនេះ បានបន្ថែមថា នៅពេលដែលតំបន់ណា មានអ្នកជំនាញពិតប្រាកដ និងមានវិជ្ជាជីវៈត្រឹមត្រូវ នោះវានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំនាញ ភ្នាក់ងាររួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផងដែរ ហើយក៏នឹងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ ។
លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងផងដែរថា ក្រុមហ៊ុននឹងធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យ ពោលគឺភ្នាក់ងារដែលមានចំណេះដឹង និងវិជ្ជាជីវៈឱ្យបាន ៣៨០០នាក់នៅទូទាំងប្រទេស គឺនៅ ១៤ខណ្ឌទូទាំងរាជធានីភ្នំពេញ និង២៤ខេត្តផ្សេងទៀត ហើយវាជាឱកាសដ៏ល្អមួយ សម្រាប់អ្នកដែលចង់ក្លាយជាអ្នកជំនាញអចលនទ្រព្យ និងភ្នាក់ងារដែលមានវិជ្ជាជីវរៈ និងត្រៀមខ្លួនសម្រាប់ស្វាគមន៍ អ្នកវិនិយោគមកពីគ្រប់ទិសទី ក្នុងការវិនិយោគអចលនទ្រព្យនៅតាមបណ្ដាខេត្តទូទាំងប្រទេស។
លោកស្រីបន្តថា “ជំហ៊ានដំបូងនេះ ក្រុមហ៊ុនជ្រើសរើសយកខេត្តព្រះសីហនុសម្រាប់ជាគោលដៅមុនគេ ដោយសារតែខេត្តនេះជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ និងជាខេត្តដែលធ្លាប់មានការចាប់អារម្មណ៍ ពីវិនិយោគិនចិនកន្លងមកហើយ” ។
លោកស្រីជឿជាក់ថា មិនយូរទេខេត្តនេះ នឹងក្លាយជាចំណាប់អារម្មណ៍ របស់អ្នកវិនិយោគឡើងវិញ ខណៈបច្ចុប្បន្នក៏មានវិនិយោគិនបន្តបន្ទាប់ហើយផងដែរថា បង្ហាញពីការចាប់អារម្មណ៍លើខេត្តមួយនេះ៕