អង្គការសហប្រជាជាតិព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនជិត៥ភាគរយទុកក្នុងឆ្នាំនេះ

ដោយៈ ប៊ី

ហ្សឺណែវ៖ អង្គការ UNCTAD របស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញរបាយការណ៍ព្យាករថា សេដ្ឋកិច្ចពិភពលោករំពឹងថានឹងមានកំណើន៤.៧ភាគរយក្នុងឆ្នាំ២០២១នេះ ខ្ពស់ជាងការរំពឹងទុកដោយសារកំណើនដែលរឹងមាំហួសពីរការរំពឹងទុករបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខមួយ។

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អត្រានៃការព្យាករខាងលើ គឺត្រូវបានដំឡើងពីអត្រានៃការព្យាករណ៍ ក្នុងរបាយការណ៍កាលពីលើកមុនរបស់ UNCTAD ស្តីពីកំណើនសេដ្ឋកិច្ចពិភពលោក។ ក្នុងរបាយការណ៍លើកមុន ដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២០ UNCTAD បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនត្រឹមតែ៤.៣ភាគរយនៅឆ្នាំ២០២១។

អង្គការ UNCTAD បានឱ្យដឹងក្នុងរបាយការណ៍ថ្មីថា ការដំឡើងអត្រាព្យាករណ៍នៃកំណើនសេដ្ឋកិច្ចពិភពលោកនេះ ដោយសារតែ គេសង្កេតឃើញថា ការចំណាយរបស់ប្រជាជននៅសហរដ្ឋអាមេរិក បានស្ទុះឡើងជាងការរំពឹងទុក នៅចំពោះមុខយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីបង្ការជំងឺ COVID-19 បូករួមនឹងការអនុម័តកញ្ចប់ថវិកាសង្រ្គោះ ដែលមានទំហំយ៉ាងធំសម្បើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គការសេដ្ឋកិច្ចអន្តរជាតិ OECD កន្លងនៅក្នុងខែមីនានេះ ក៏បានដំឡើងអត្រាព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះផងដែរ គឺពី៤.២ភាគរយទៅ៥.៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here