ប្រធានPATACC វិស័យទេសចរណ៍នៅកម្ពុជានឹងបន្តអូសបន្លាយជាមួយវិបត្តិដរាបណាកូវីដ១៩មិនបន្ថយល្បឿន

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១នេះ មានប្រតិបត្តិករទេសចរជាច្រើន បានរំពឹងពីការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយសារតែកាលពីមុននេះ ស្ថានភាពកូវីដ១៩នៅកម្ពុជាបានស្ងប់ស្ងាត់ តែថ្មីៗនេះកម្ពុជាក៏បានជួបព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឱ្យវិបត្តិនៃជងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរថែមទៀត។

លោកធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ( PATACC) បានលើកឡើងថា តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ លោកមើលមិនឃើញថា  វិស័យទេសចរណ៍នឹងងើបឡើងវិញ នៅក្នុងឆ្នាំ២០២១ឬនៅឆ្នាំ២០២២នោះទេ។ លោកបន្តថា វិស័យទេសចរណ៍មិនអាចងើបឡើងវិញបានទេ ក្នុងឆ្នាំ២០២១ ឬឆ្នាំ២០២២ បើសិនជាជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាលដាលនៅលើពិភពលោក។

លោកបន្តថា “បើទោះបីជាកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ ឬមានអ្នកឆ្លងតិចតួចក្តី ក៏មិនអាចទទួលភ្ញៀវទេសចរណ៍ មកពីប្រទេសក្រៅបានដែរ ខណៈនៅប្រទេសជាច្រើននៅតែមានការរីករាលដាលនៃជំងឺកូវីដ១៩”។លោកបន្តទៀតថា “ទេសចរណ៍នៅកម្ពុជាមិនអាស្រ័យលើកម្ពុជាមានកូវីដ ឬមិនមានកូវីដ១៩នោះទេ តែត្រូវមើលទៅលើពិភពខាងក្រៅ តែកម្ពុជាអាចជំរុញសកម្មភាពទេសចរណ៍ ក្នុងស្រុកបានមួយកម្រិត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្ដីភ្ញៀវក្នុងស្រុក មិនអាចឱ្យវិស័យទេសចរណ៍ បានងើបឡើងវិញនោះទេ ខណៈពលរដ្ឋជាច្រើននៅកម្ពុជា ក៏មានផលប៉ះពាល់ដោយសារតែកូវីដ១៩ ធ្វើឱ្យបាត់ចំណូល ហើយមិនអាចចេញធ្វើដំណើរកម្សាន្តរាលអាទិត្យ ឬរាល់ខែនោះទេ ។ ពលរដ្ឋក៏ត្រូវការចំណាយលើរបស់ចាំបាច់ ប្រចាំថ្ងៃរបស់ខ្លួនដែរ ដូច្នេះយូរៗម្ដងគេអាចចេញដំនើរ​ការកម្សាន្តបាន។

លោកបន្ថែមថា ដើម្បីឱ្យទេសចរណ៍នៅកម្ពុជាងើបឡើងវិញនោះ រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យទេសចរណា ដែលចាក់វ៉ាក់សាំងរួចអាចចូលមក ដោយធ្វើចត្តាឡីស័កក្នុង      រយៈពេលខ្លី ធ្វើដូចនេះនឹងអាចរុញកំណើនវិស័យទេសចរណ៍ បានមួយកម្រិតហើយបើរង់ចាំដល់ចប់កូវីដ១៩វាមិនងាយនោះទេ ព្រោះបណ្ដាទេសនៅលើពិភពលោកកំពុងតែបន្តឆ្លងដដែល។

ចំណែកលោកហូ វណ្ឌី ទីប្រឹក្សាទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រទេសណាដែលមានភាពឆ្លាតវៃ លើគោលនយោបាយវ៉ាក់សាំង សម្រាប់ទេសចរ ប្រទេ​សនោះ នឹងទទួលបានប្រយោជន៍មុនគេ។ នៅពេលវ៉ាក់សាំងកំពុងចាក់ជូនពលរដ្ឋជាច្រើន នោលើពិភពលោកកូវីដ១៩ នឹងស្ងប់ស្ងាត់ ហើយប្រតិបត្តិករទេសចរនៅកម្ពុជាក៏គួរត្រៀមខ្លួនក្នុងការទទួលភ្ញៀវឡើងវិញ តែត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here