ការអភិវឌ្ឍ​អាជីវកម្ម​ទៅរក​ប្រព័ន្ធ​ឌីជីថល​មាន​សន្ទុះ​ខ្លាំង ខណៈ​មនុស្ស​ចាប់ផ្តើមផ្លាស់ប្តូរ​ឥរិយាបទ​រស់នៅ

ដោយៈ សាវុធ

ភ្នំពេញៈ ជំងឺ​កូ​វីដ១៩ (Covid-19) បានធ្វើ​ឱ្យមាន​បន្លាស់​ប្តូរ​ឥរិយាបទ ក្នុង​ការរស់នៅ​យ៉ាងខ្លាំង ហើយ​ជាច្រើន​ខែ​កន្លងមកនេះ មនុស្សម្នាក់ៗអាច​សង្កេតឃើញថា ខ្លួនឯង​កំពុងមាន​ទំនោរ និង​ពឹង​ផ្អែកលើ​បណ្តាញ​អ៊ិន​ធើ​ណេ​ត និង​ប្រព័ន្ធ​ឌីជីថល​នានា​សម្រាប់រ​បទ​នៃ​ការរស់នៅ ការប្រកប​ការងារ និង​ស្វែងរក​ការកម្សាន្ត​ជាដើម។ នេះ​បើ​យោង​ការសិក្សា​របស់​ក្រុមហ៊ុន Visa ចេញផ្សាយ​កាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​នាំមុខគេ ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាមរយៈ​ឌីជីថល​នេះ​បានឱ្យដឹងថា ជំងឺ​រាតត្បាត​នេះ ក៏បាន​ជម្រុញឱ្យមាន​ឥរិយាបទថ្មីៗ ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់​យើង ខណៈដែល​យើង​កំពុងតែ​សម្រប​ខ្លួន ទៅនឹង​ប្រក្រតីភាព​តាម​គន្លង​ថ្មី​នេះ។

និន្នាការ​ដែល​គួរឱ្យកត់សម្គាល់​មួយ​នោះ​គឺ សន្ទុះ​នៃ​ការអភិវឌ្ឍ​អាជីវកម្ម​ឲ្យ​ទៅជា​ពាណិជ្ជកម្ម​ឌីជីថល។ អតិថិជន​ជាច្រើន មិន​ថា​ជា​អ្នក​ជំនាន់​ថ្មី ឬ​ជំនាន់​ចាស់​នោះទេ បាន​ងាក​មក​ជ្រើសរើស​វិធីសាស្ត្រថ្មីៗ ក្នុង​ការទិញ​ទំនិញ​តាម​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច eCommerce  ការទូទាត់​ដោយ​មិនមាន​ការប្រាស្រ័យ ទាក់ទង​ដោយផ្ទាល់ ដូចជា​ប្រើ​ប  ច្ចេក​វិទ្យា contactless និង​វិធីសាស្ត្រផ្សេងៗទៀត  សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង​ការទិញ​ម្ហូបអាហារ និង​គ្រឿងទេស​ជាដើម។

ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម ក៏​ទាមទារ​ឱ្យ​ដើរ​ទាន់​ភាព​បម្រែបម្រួល​នេះ​ផងដែរ។ គ្មាន​នរណាម្នាក់ មាន​ភាពស៊ាំ​ទៅនឹង​ការផ្លាស់ប្តូរ​ទាំងនេះ​ទេ ជាពិសេស​សម្រាប់​អាជីវកម្ម​ខ្នាតតូច ជំងឺ​រាតត្បាត​មួយ​នេះ បាន​រំខាន​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ។

ជាការ​ពិតណាស់ គោលការណ៍​ផ្អាក​អាជីវកម្ម ជា​បណ្តោះអាសន្ន​សម្រាប់​អាជីវកម្ម​ដែល​មិនមែនជា​តំរូវការ​ចាំបាច់​របស់​អតិថិជន និង​គោលការណ៍​ណែនាំ​ស្តីពី ការអនុវត្ត​គម្លាត​សង្គម បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​វិស័យ​មួយ​នេះ។

នៅក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ អាជីវកម្ម​ខ្នាតតូច​ជាច្រើន បានបង្ហាញ​ពី​ភាព​ធន់​លើ​ការរង​ការប៉ះទង្គិច និង​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស។ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ Covid-19 ប្រមាណ​ជាង២ភាគ ៣ (ស្មើនឹង ៦៧%) នៃ​អាជីវកម្ម​ខ្នាតតូច​បាន​ព្យាយាម​រក​វិធីសាស្ត្រ​ថ្មី​មួយ ដើម្បី​រក្សា​អាជីវកម្ម​របស់​ពួកគេ ឱ្យ​អាច​បន្តសកម្មភាព​ទៅមុខ​បាន។

ច្រើនជាង​មួយ​ភាគ​បួន (ស្មើនឹង ២៨%) បានចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅរក​អតិថិជន​គោលដៅ នៅលើ​បណ្តាញ​សង្គម ហើយ​ប្រមាណ២៧%បាន​ដាក់លក់​ផលិតផល ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ២០ភាគរយ បានអនុញ្ញាត​ឱ្យ​អតិថិជន​ទូទាត់ តាមរយៈ​បច្ចេកវិទ្យា contactless  ក៏ដូចជា​ប្រើប្រាស់​ការទូទាត់ តាមរយៈ​ទូរស័ព្ទដៃ ឬ​ប្រើ​បច្ចេកវិទ្យា​យក​កា​តទៅ​ប៉ះ ដើម្បី​ទូទាត់​ប្រាក់ Tap to Phone សម្រាប់​ការទូទាត់​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន( ប្រមាណ២០%) ជាដើម។

អ្នកស្រី​ជុំ ម៉ូ​នី​កា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា សម្រាប់ Visa យើង​ផ្តោតលើ​ការគាំទ្រ ដល់​អាជីវកម្ម​ខ្នាតតូច ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​ត្រឡប់មក ប្រកប​របរ​អាជីវក​ម្ម​របស់ខ្លួន​ឡើងវិញ​ដោយ​ជោគជ័យ ពីព្រោះថា​ពួកគេ​ជា​ចលករ​សំខាន់ ក្នុងការ​ជម្រុញ​ដល់​ការ​ស្តារឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច។

អ្នកស្រី​បានឱ្យដឹងថា “ហេតុ​ដូច្នេះហើយ ទើប​យើង​ធ្វើ​ការប្តេជ្ញាចិត្តថា​នឹង គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច​ចំនួន១០លាន​កន្លែង នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ” ។ លោកស្រី​បន្តថា “យើង​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ Practical Business Skills ដែលជា​កម្មវិធី​ប្រមូលផ្ដុំ​នូវ​មធ្យោបាយ និង​ដំណោះស្រាយ សម្រាប់​ការគ្រប់គ្រង​អាជីវកម្ម ក៏ដូចជា​ការពង្រីក​អាជីវកម្ម​ខ្នាតតូច ដើម្បី​ជួយ​ពួកគេ​ឱ្យមាន​ការរីកលូតលាស់​នៅក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល” ។

អ្នកស្រី​បានឱ្យដឹង​ទៀតថា នៅពេល​ពាណិជ្ជកម្ម​ឌីជីថល បាន​ចាក់គ្រឹះ​កាន់តែ​ជ្រៅ​នៅក្នុងរ​បទ​ជីវិត​របស់​យើង​គ្រប់គ្នា  ក្រុមហ៊ុន Visa ប្តេជ្ញាចិត្ត នឹង​បន្ត​ធ្វើការ​ជាមួយ​អាជីវកម្ម​ខ្នាតតូច ក្នុងការ​ផ្សារភ្ជាប់​ពួកគេ ទៅនឹង​បណ្តាញ​សកល​របស់ Visa ព្រមទាំង​បន្ត​ជួយ​គាំទ្រ​ពួកគេ បន្ថែម​ពីលើ​តួនាទី​ជា​ប្រតិបត្តិ​ករ​ទូទាត់ ដើម្បី​ធានាថា​ពួកគេ​អាច​ជោគជ័យ​នៅក្នុង​កំណើនសេដ្ឋកិច្ច​ឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here