រដ្ឋមន្រ្តីក្រសួងកិច្ចនារីៈកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យសហគ្រិនស្រ្តី លំបាកក្នុងការពង្រីកមុខជំនួញ

ដោយ៖ ប៊ី

សៀមរាបៈ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានបញ្ជាក់ថា កង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យសហគ្រិនស្រ្តីពិបាកទទួលបានឥណទានពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីពង្រីកមុខជំនួញរបស់ខ្លួន។

លោកជំទាវ បានបញ្ជាក់ដូច្នេះក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា ផ្អែកតាមឯកសារសិក្សាមួយរបស់OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបានឱ្យដឹងទៀតថា “សហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់ និងងាយទទួលរងនូវការកេងប្រវ័ញ្ចនានា ព្រមទាំងបានឈានទៅដល់ការជាប់បំណុលធ្ងន់ធ្ងរផងដែរ”។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ទៀតថា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគ្រិនស្រ្តី កម្មវិធីបណ្តុះបណ្តាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តីនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែអាចជួយឲ្យស្រ្តីពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានជួយឲ្យស្រ្តី មានសមត្ថភាពនិងទំនុកចិត្តក្នុងការគ្រង និងចូលរួមធ្វើសេចក្តីសម្រេច ផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារផងដែរ។

ផ្អែកលើការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថាបរិយា​កាសគាំទ្រ និងការផ្តល់អំណោយផលដល់ប្រព័ន្ធសហគ្រិនកម្ពុជា នឹងអាចទទួលបានចំណូ​លក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណជា២៥ពាន់លានដុល្លារអាមេរិក ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសគាំទ្រចំពោះវគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាព​ស្រ្តី ព្រោះថា បើតាមរបាយការណ៍អង្កេតជំរឿនសហគ្រាសកម្ពុជាឆ្នាំ២០១៤ ក្នុងចំណោ​មសហគ្រាសទូទាំងប្រទេសចំនួនជាង៥១ម៉ឺនសហគ្រាស ក្នុងនោះ៦១ភាគរយនៃចំនួនសហគ្រាសសរុប គឺកាន់កាប់ដោយស្រ្តី។

ប៉ុន្តែភាគច្រើននៃសហគ្រាសទាំងនោះ កំពុងស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស​ហ​គ្រាសខ្នាតមីក្រូ ដែលងាយប្រឈមជាមួយបញ្ហា ហើយក៏មានឧបស័គ្គជាច្រើនទៀត សម្រាប់ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដូចជា ខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ព័ត៌មាន ទីផ្សារ និងចំណេះដឹងថ្មីៗ និងការការពារដោយច្បាប់នៅមានកម្រិត ដែលទាំងនេះ ជាមូលហេតុធ្វើឲ្យសហគ្រិនស្រ្តី ពុំត្រូវបានគេមើលឃើញ និងឲ្យតម្លៃខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here