ដោយៈ លក្ខិណា
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩បានឱ្យវិស័យ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅរយៈពេលចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការឆ្លងរាលដាល នៃកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈ ។ តើក្នុងដំណាក់កាលនៃវិបត្តិនេះ វាបានបង្កប៉ះពាល់យ៉ាងដូចម្ដេច?
យោងតាមក្រុមអ្នកជំនាញហិរញ្ញវត្ថុមួយក្រុមបានបញ្ជាក់ថា ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកល ដែលអាចនឹងកើតមានឡើង ដោយសារជំងឺរាតត្បាតសាកល COVID-19 អាចមានវិសាលភាពធំធេង លើអាជីវកម្មខ្នាតតូចនិងមធ្យម ។ អាជីវកម្មទាំងនេះអាចនឹងរង្គោះរង្គើ និងប្រឈមមុខនិងការក្ស័យធនផង ដោយសារតែបញ្ហាច្រើនយ៉ាងដូចជា ៖
ទី១ បាត់បង់អតិថិជន៑និងចំណូលយ៉ាងគំហុក
ដោយសារបញ្ហាជំងឺរាតត្បាត ដំណើរការរបស់ក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំមួយចំនួន រងផលប៉ះពាល់ ឬត្រូវបានកាត់ផ្តាច់រហូតដល់ មិនអាចផ្គត់ផ្គង់ផលិតផលឬ សេវាកម្មទៅកាន់អតិថិជនឲ្យបានគ្រប់គ្រាន់ផង។ បញ្ហាក្នុងសង្វាក់ផលិតកម្មនេះ អាចកើតឡើង ដោយសារការសម្រេចចិត្តឲ្យបុគ្គលិក ផ្អាកការធ្វើការសិន ឬធ្វើការពីផ្ទះ និងកង្វះខាតវត្ថុធាតុដើម។
២ បាត់បង់ឱកាសពង្រីក និងវិនិយោគលើអាជីវកម្មថ្មីរបស់ខ្លួន
វិបត្តិទាំងនេះ កំពុងរុញច្រានឱ្យម្ចាស់អាជីវកម្មទាំងនោះ ខ្វះខាតប្រាក់កាស ហើយស្របជាមួយគ្នានោះ ពេលវេលាក៏មិនអំណោយផលទៀត ការឈានទៅពង្រីកឬបើកអាជីវកម្មថ្មីនោះមិនអាចធ្វើទៅរួចឡើយ។ ដូច្នេះអ្នកទាំងនោះអាចខាតបង់ទាំងពេលវេលា ហិរញ្ញវត្ថុ និងចាំបាច់ត្រូវរៀបចំគម្រោងសារឡើងវិញថែមទៀត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងចៀសឱ្យផុតពីហានិភ័យចំពោះមុខ ។
៣.កង្វះខាតប្រសិទ្ធភាពក្នុងការងារ និងការគ្រប់គ្រង
ដោយសារភាពចលាចល ដែលកើតចេញពីជំងឺរាតត្បាតធ្ងន់ធ្ងរ ដូចជា COVID-19 នេះ ក្រុមហ៊ុនភាគច្រើនត្រូវកាត់បន្ថយកញ្ចប់លុយ សម្រាប់ផ្សព្វផ្សាយផលិតផល រឺសេវាកម្មរបស់ខ្លួន(advertising and marketing budget)។ ឯរបៀបធ្វើការក៏បានផ្លាស់ប្តូរភ្លាមៗ មកជាការធ្វើការងារពីចម្ងាយ។
សម្រាប់ការចូលរួមចំណែក ក្នុងដំណោះស្រាយវិបតិ្តដ៏ធ្ងន់ធ្ងរនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានដុតដៃដុតជើង និង មានវិធានក្នុងការសម្រួល ដោយការកាត់បន្ថយពន្ធ ប្រាក់កម្ចីការប្រាក់ទាប និងផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិក ដែលបាត់បង់ការងារលើវិស័យអទិភាពផង៕