ដើមឆ្នាំ២០២១ សហរដ្ឋអាមេរិក ចុះបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន៥ រួមមាន Huawei និង ZTE ផងដែរ

ដោយ ៖សុខុម

សហរដ្ឋអាមេរិក: កាលពីថ្ងៃសុក្រ ទី១២ មីនា ដើមឆ្នាំ២០២១ នេះ និយ័តករនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យទូរគមនាគមន៍ បានកំណត់មុខសញ្ញាក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៥ ថាជា “ការគំរាមកំហែងដល់សន្តិសុខជាតិ” រួមមានទាំងក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន ZTE Corp ផងដែរ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១៣ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មការទូរគមនាគមន៍សហព័ន្ធ (Federal Communications Commission-FCC) បាននិយាយថា ផលិតផល និងសេវាកម្មទូរគមនាគមន៍ដែលផ្តល់ដោយក្រុមហ៊ុនចិន ទាំងប៉ុន្មានខាងលើនេះបានបង្ក “ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិក”។

តាមការបញ្ជាក់ថា ក្រុមហ៊ុនចិន ទាំង ៥ រួមដែលជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន Huawei Technologies ក្រុមហ៊ុន ZTE Corp ក្រុមហ៊ុន Hytera Communications Corp ក្រុមហ៊ុន Hangzhou Hikvision Digital Technology និងក្រុមហ៊ុន Dahua Technology Co។

ការកំណត់មុខសញ្ញាបែបនេះដែលនឹងពង្រីកទៅក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ ត្រូវបានតម្រូវក្រោមច្បាប់ស្តីពីបណ្ដាញទូរគមនាគមន៍ដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកបាន (Secure and Trusted Communications Networks Act) របស់សហរដ្ឋអាមេរិក ដែលអនុម័តក្នុងឆ្នាំ២០១៩ ។

លោកស្រី Jessica Rosenworcel ប្រធានស្ដីទីរបស់ FCC បានធ្វើការកត់សម្គាល់ថា ចំណាត់ការកាលពីថ្ងៃសុក្រ នេះបានបង្ហាញពី “ជំហានដ៏ធំមួយឆ្ពោះទៅរកការធ្វើឱ្យមានការជឿទុកចិត្តឡើងវិញមកលើបណ្តាញទូរគមនាគមន៍របស់យើង” ។ លោកស្រីបានបន្ថែមថា ពលរដ្ឋអាមេរិក បានពឹងផ្អែកលើបណ្ដាញទូរគមនាគមន៍កាន់តែខ្លាំងឡើងនៅក្នុងការធ្វើការងារ ការសិក្សា និងការទទួលបានសេវាសុខាភិបាល។

លោកស្រីបានគូសបញ្ជាក់ថា “ការចុះបញ្ជីខ្មៅនេះផ្តល់ការណែនាំដ៏មានអត្ថន័យដែលនឹងធានាបានថា នៅពេលបណ្តាញទូរគមនាគមន៍ជំនាន់ក្រោយត្រូវបានបង្កើតឡើងទូទាំងប្រទេស ពួកគេមិនសាងកំហុសដូចកាលពីអតីតកាល ឬប្រើប្រាស់ឧបករណ៍ ឬសេវាកម្មដែលនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិក តទៅទៀត”។

ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់លម្អិតថា តើនឹងចាត់វិធានការជាក់លាក់បែបណាទៅលើក្រុមហ៊ុនចិន ទាំងនេះឡើយ។ ការកំណត់មុខសញ្ញាស្រដៀងគ្នាមួយដែល FCC បានធ្វើកាលពីឆ្នាំមុនប្រឆាំងក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE បាននាំឱ្យមានបម្រាមហាមមិនឱ្យបណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិក ដកប្រាក់ពីកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលចំនួន ៨,៣ ពាន់លានដុល្លារ ដើម្បីទិញឧបករណ៍ពីក្រុមហ៊ុនទាំងពីរនេះ។

ពេលទាក់ទងសុំការបំភ្លឺជុំវិញការចុះបញ្ជីខ្មៅនៅដើមឆ្នាំ២០២១ នេះ ទាំងក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE មិនបានឆ្លើយតបឡើយ ចំណែកឯក្រុមហ៊ុនចំនួន ៣ ផ្សេងទៀតក៏ទាក់ទងមិនបាននោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here