តម្លៃមាន់រស់របស់កសិករបានដាំធ្លាក់ចុះមិនធ្លាប់មាននៅលើទីផ្សារដោយសារវិបត្តិ

ដោយៈលក្ខិណា

ភ្នំពេញៈ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ជាពិសេសនៅក្នុងវិបត្តិចុងក្រោយនេះ ដោយមានការឆ្លងក្នុងសហគមន៍ និងរាលដាលកាន់តែខ្លាំង ធ្វើវិបត្តិហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជាកាន់តែកើនឡើងជាស្ដែង។

ទីផ្សារនៃមាន់រស់របស់កសិករកម្ពុជា ពីមុនកូវីដអាចលក់បានក្នុងតម្លៃពី៦០០០រៀលទៅ៦៥០០រៀល តែចូលដល់កូវីដ១៩ ក្នុងឆ្នាំ២០២០ តម្លៃមាន់បានធ្លាក់ចុះបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ គឺធ្លាក់ចុះមិនមានពីមុនត្រឹមតែ១៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាយ ឃីម ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបានឱ្យដឹងនាព្រឹកថ្ងៃទី១២ មិនានេះថា បច្ចុប្បន្ននេះ តម្លៃមាន់រស់បានធ្លាក់ចុះខ្លាំង និងមិនសូវមានអ្នកទិញនោះទេ។ ជាក់ស្ដែងមកដល់ពេលនេះ មាន់រស់ដែលឈ្មួញទិញពីកសិករត្រឹមតែ១៥០០រៀល ទៅ២០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈឆ្នាំ២០២០កន្លងទៅ កម្ពុជាជួបវិបត្តិដែរ តែមាន់រស់របស់កសិករអាចលក់បានក្នុងតម្លៃក៏ត្រឹម៤០០០រៀលក្នុងមួយគីឡូក្រាម។

លោកបន្តថា “ការធ្លាក់តម្លៃនេះ បានធ្វើឱ្យកសិកខាតបង់ដើមទុន រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ ពីព្រោះថាថ្លៃដើមក្នុងការចិញ្ចឹមមាន់ក្នុងមួយគីឡូក្រាម ក៏ប្រមាណពី៣០០០រៀលទៅ៣៥០០រៀលដែរ”។លោកបន្តថា “បើលក់ត្រឹម១៥០០រៀលទៅ២០០០រៀលគឺខាតជាងពាក់កណ្ដាល តែបើមិនលក់ក៏រឹតតែខាតទៅទៀត”។

លោកថា បច្ចុប្បន្ននេះក្នុងមួយខែ ការចំណាយថ្លៃកម្មករ ចំណី ទឹក និងភ្លើងអស់ប្រមាណ២០០០ដុល្លារអាមេរិកទៅហើយ សម្រាប់កសិដ្ឋានរបស់លោក ដែលមានមាន់សរុបប្រមាណ៨ម៉ឺនក្បាល ។ នៅមានកសិដ្ឋានរបស់កសិករដទៃទៀត នៅក្នុងស្រុកបរសេដ្ឋក៏លក់មិនចេញដែរ និងកំពុងស្វែងរកទីផ្សារសម្រាប់លក់ចេញ។

លោកបានអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាជួយយោគយល់ក្នុងការពន្យារបង់ប្រាក់ត្រលប់ទៅវិញ ជូនកសិករ ដែលបានយកឥណទានសម្រាប់មកប្រើក្នុងអាជីវកម្មផង ពីព្រោះពេលនេះកសិករចិញ្ចឹមមាន់ជាច្រើន កំពុងតែទឹកភ្នែកខាតចុងខាតដើម។

ចំណែកលោកប៊ុន ចាន់ តំណាងកសិដ្ឋានចិញ្ចឹមម្នាក់នៅបរសេដ្ឋខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងស្រុកបរសេដ្ឋទាំងមូល មានកសិដ្ឋានចិញ្ចឹមមាន់ ប្រមាណជិត៥០កសិដ្ឋាន និងកំពុងតែរកទីផ្សារលក់មាន់ ព្រោះមាន់ដល់អាយុលក់ តែលក់មិនចេញនោះទេ ។

លោកថា “កសិករជាច្រើន កំពុងតែពិបាកក្នុងការស្វែងរកថវិកា ដើម្បីបង់បំណុលធនាគារ ដោយសារតែមាន់ធ្លាក់ចុះខ្លាំង និងមិនមានអ្នកទិញទៅទៀត”។

លោកក៏បានអំពាវនាវដល់ ក្រសួងកសិកម្ម និង រដ្ឋាភិបាលជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ជាពិសេសមាន់នេះផង ដើម្បីឱ្យកសិករមានប្រាក់ចំណូលក្នុងរដូវកាលកូវីដ១៩ ។

លោកស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា តម្លៃមាន់រស់បានធ្លាក់ចុះ ចាប់តាំងពីមានការផ្ទុះកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ ២០២១ ព្រោះតម្រូវការសាច់មាន់ នៅទីផ្សារក្នុងស្រុកបានធ្លាក់ចុះខ្លាំង ព្រោះតែពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ ខួបកំណើត ឡើងគេហដ្ឋានជាដើមបានផ្អាកអស់ ហើយបណ្ដាហាង និងភោជនីយដ្ឋានជាច្រើន ក៏បានបិទនិងផ្អាកអាជីវកម្ម ដែលធ្វើឱ្យមាន់នៅក្នុងស្រុកសល់ច្រើន។

លោកបន្តថា “បច្ចុប្បន្ននេះមាន់លក់លើទីផ្សារក្នុងស្រុក មិនមានការនាំចូលពីខាងក្រៅនោះទេ គឺជាមាន់ក្នុងស្រុកសុទ្ធសាធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here