ចំណេះដឹងហិរញ្ញវត្ថុៈ តើអ្នកត្រូវដោះស្រាយវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចម្តេចពេលជួបប្រទះបញ្ហា

ដោយៈលក្ខិណា

ភ្នំពេញៈ វិបត្តិហិរញ្ញវត្ថុគឺជាបញ្ហាដ៏ពិបាកមួយ ដែលមិនងាយនឹងដោះស្រាយចេញឡើយ។ ប្រសិនមនុស្សដែលជួបវិបត្តិនេះ ហើយមិនសូវតស៊ូ នឹងធ្វើឱ្យខ្លួនគេធ្លាក់ក្នុងរណ្ដៅ​នៃបញ្ហានេះកាន់តែធ្ងន់ធ្ងរ ។ តែយ៉ាងណាក៏មានចំនុចមួយចំនួន សម្រាប់ជួយដោះស្រាយឬអាចជួយដោះស្រាយបានមួយកម្រិតផងដែរ។

យោងតាមអ្នកជំនាញហិរញ្ញវត្ថុមួយក្រុម បានចេញជាទស្សនៈមួយចំនួនដែលជាគន្លឹះសម្រាប់ដោះស្រាយអ្នក ដែលជួបបញ្ហាហិរញ្ញវត្ថុដោយក្នុងនោះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១ ប្រឈមមុខនឹងបញ្ហា

នៅពេលជួបវិបត្តិហិរញ្ញវត្ថុ រឿងដំបូងគេដែលគួរធ្វើនោះ គឺការទទួលស្គាល់ការពិតថាកំពុងជួបបញ្ហាមួយនេះ ដោយមិនត្រូវគេចវេសពីបញ្ហានេះឡើយ ព្រោះការគេចវេសវាមិនបានជួយ ឱ្យចេញផុតពីបញ្ហាមួយនេះបានទេ។

ដូច្នេះហើយត្រូវទទួលស្គាល់វា ហើយរកវិធីដោះស្រាយតាមបែបវិជ្ជមាន ហើយព្យាយាមរំដោះខ្លួនចេញម្ដងបន្តិចៗ យើងនឹងអាចរួចផុតពីវិបត្តិនេះ ជាមិនខាននៅពេលណាមួយ។

២ បង្កើតកញ្ចប់ថវិកា និងគ្រប់គ្រងលំហូរសាច់ប្រាក់

មូលហេតុចម្បងដែលនាំមកជួបវិបត្តិហិរញ្ញវត្ថុ ក៏អាចបណ្ដាលមកពីការចាយវាយ រួមមាន ដូចជា ការកំណត់ប្រភពចំណាយមិនបានត្រឹមត្រូវ និងចាយវាយតាមតែចិត្តរបស់ខ្លួន និងគ្មានផែនការចាយវាយជាដើម។ យើងគួរតែពិនិត្យឡើងវិញ នូវប្រភពចំណាយរបស់យើង ឱ្យបានច្បាស់ថា ក្នុងចំណោមប្រភពចំណាយទាំងនោះ មួយណាដែលត្រូវតែចំណាយចាំបាច់ មួយណាជាចំណាយមិនចាំបាច់។ ក្រោយពីកំណត់ប្រភពចំណាយរួចរាល់ គួរតែរៀបចំផែនការថ្មីមួយផ្ទាល់ខ្លួន ដែលសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុ។

៣ បង្កើនប្រភពចំណូល

ដើម្បីចេញឱ្យផុតពីវិបត្តិហិរញ្ញវត្ថុបាន គឺតម្រូវឱ្យខិតខំប្រឹងប្រែងខ្លាំងជាមុន ព្រោះក្នុងដំណាក់កាលនេះស្ថានភាពហិរញ្ញវត្ថុ មិនសូវជាល្អប៉ុន្មានទេ អ៊ីចឹងហើយ បើមិនខំរកចំណូលឲ្យបានច្រើនជាងមុនទេ មិនដឹងពេលណាបានត្រឡប់ មករកស្ថានភាពហិរញ្ញវត្ថុល្អប្រសើរវិញនោះឡើយ។ ក្នុងពេលនេះ គួរស្វែងរកការងារក្រៅម៉ោងបន្ថែម នៅពេលទំនេរ អាចលក់ផលិតផលឬសេវាកម្មដែលអាចធ្វើបាន ហើយក៏អាចលក់របស់មួយចំនួនដែល មិនត្រូវការដើម្បីយកចំណូលផងដែរក្នុងករណីចាំបាច់។

៤ ដោះស្រាយបំណុល

ពេលដែលយើងមានប្រភព ចំណូលសមរម្យមួយចំនួនហើយ យើងគួរតែគិតគូរពីការដោះបំណុលផ្សេងៗ ដែលមានឱ្យអស់កាន់តែលឿនកាន់តែប្រសើរ ព្រោះបំណុលទាំងអស់នេះនឹងធ្វើឱ្យកាន់តែដុនដាបទៅៗ បើសិនជាយើងនៅតែដោះវាចេញមិនអស់។

៥ ស្វែងរកជំនួយ

យើងមិនគួរដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដែលយើងកំពុងជួបតែម្នាក់ឯងនោះទេ យើ​ងគួរតែស្វែងរក គ្រួសារ មិត្តភក្តិ មនុស្សដែលយើងស្គាល់ និងជំនាញហិរញ្ញវត្ថុ ដើម្បីជួយយើងក្នុងប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាដែលយើងកំពុងតែជួបប្រទះ។

ចំនុចទាំងនេះ គ្រាន់តែចំនុចគន្លឹះមួយចំនួន សម្រាប់សាកល្បងដោះស្រាយពេលមានបញ្ហាតែប៉ុណ្ណោះ តែសម្រាប់បុគ្គលម្នាក់ៗ សុទ្ធតែមានវិធីដោះស្រាយរៀងៗខ្លួននិងផ្សេងៗគ្នា ដើម្បីជៀសផុតពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here