សហគ្រិនស្រ្តីនៅកម្ពុជានឹងអាចទាញយកប្រយោជន៍ច្រើនពីការបង្កើនសមត្ថភាពជំនាញទីផ្សារឌីជីថល

ដោយៈ សាវុធ

ភ្នំពេញៈ សហគ្រិនស្រ្តីនៅទទួលបានប្រយោជន៍យ៉ាងច្រើនពីការបង្កើនសមត្ថភាព និងការចាប់ជំនាញធ្វើទីផ្សារឌីជីថល ដែលមានសារៈសំខាន់ខ្លាំង ក្នុងតភ្ជាប់គម្លាតយេនឌ័រផ្នែកឌីជីថល និងនាំយកធ្វើឱ្យស្ត្រីកាន់តែច្រើនចូលទៅក្នុងពិភពសហគ្រិនភាព។ នេះបើយោងតាមអ្នកដឹកនាំធុរិកិច្ចជាស្រ្តី ដែលថ្លែងក្នុងក្រុមពិភាក្សាតាមអនឡាញ ដែលរៀបចំដោយក្រុមហ៊ុន Facebook ដើម្បីរំឭកខួបទិវាសិទ្ធិនារីអន្តរជាតិ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងកក្នុងម្មវិធីជជែកអំពីអាជីវកម្មជាមួយ Facebook ដែលសម្របសម្រួលដោយអ្នកនាង ហ៊ាង អូមួយ អគ្គនាយិកាក្រុមហ៊ុនបច្ចេកវិទ្យា ខេសូលូសិន (Camsolution Technology) អ្នកនាង ហុក ស្រីមុំ និងអ្នកនាង អាំ វាសនា ដែលជាសហគ្រិនស្រ្តី បានចែករំលែកបទពិសោធរបស់ពួកគាត់អំពីការដំណើរការអាជីវកម្ម និងបានផ្តោតយ៉ាងខ្លាំងលើសារៈសំខាន់នៃវត្តមានតាមអនឡាញ និងការប្រើប្រាស់ការធ្វើទីផ្សារឌីជីថល។

អ្នកនាងហុក ស្រីមុំសហស្ថាបនិកក្រុមហ៊ុនអប់រំឈ្មោះថា The Khmer Lesson បានថ្លែងថា មានគម្លាតដ៏ធំមួយក្នុងអក្ខរកម្មឌីជីថលរវាងបុរស និងស្រ្តី។ មនុស្សជាច្រើននៅតែគិតថា ស្រ្តីមិនអាចគ្រប់គ្រងអាជីវកម្មបាន គួរតែនៅផ្ទះ ហើយបុរសជាអ្នករកប្រាក់។ ជួនកាលស្រ្តីខ្លួនឯងក៏គិតផងដែរថា ពិភព “ឌីជីថល” មានន័យថា បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ដែលពិបាករៀន។ ទាំងអស់នេះបង្កឱ្យមានកង្វះអក្ខរកម្មឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្មីៗនេះ អ្នកនាង ស្រីមុំ បានក្លាយជាគ្រូបណ្តុះបណ្តាលម្នាក់នៅកម្មវិធី #SheMeansBusiness ដែលជាកម្មវិធីមួយដែលត្រូវបានដំណើរការដោយក្រុមហ៊ុន Facebook និង គម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជាដោយមានការគាំទ្រពីUSAIDដើម្បីផ្តល់ការបណ្តុះបណ្តាលការធ្វើទីផ្សារឌីជីថលដោយឥតគិតថ្លៃដល់សហគ្រិនជាស្រ្តី ចំនួន១៧០០នាក់នៅទូទាំងប្រទេសកម្ពុជាតាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាលតាមអនឡាញ និងការបណ្តុះបណ្តាលផ្ទាល់។

គំនិតផ្តួចផ្តើម #SheMeansusiness ជាឱកាសមួយសម្រាប់សហគ្រិនជាស្រ្តី ដើម្បីទទួលបានជំនាញដែលចាំបាច់ក្នុងការពង្រីក និងកែលម្អអាជីវកម្មរបស់ពួកគេ និងដើម្បីពង្រីកបណ្តាញរបស់ខ្លួន។
អ្នកនាងអាំ វាសនា ដែលជាម្ចាស់ហាងកុំព្យូទ័រ BCS Computer ដែលបានបញ្ចប់ដោយជោគជ័យនូវការបណ្តុះបណ្តាលអំពីការធ្វើទីផ្សារឌីជីថលពីកម្មវិធី #SheMeansBusiness បានធ្វើការងារក្នុងផ្នែកលក់និងធ្វើទីផ្សាររយៈពេល៨ឆ្នាំធ្វើការងារក្នុងការបណ្តុះបណ្តាលនិងបង្វឹកអ្នកផ្សេងទៀតក្នុងនាមជាអ្នកឯកទេសបច្ចេកទេស និងអ្នកគ្រប់គ្រងផលិតផល។

ជាមួយនឹងជំនាញដែលទទួលបាននេះអ្នកនាងក៏បានសម្រេចចិត្តបើកហាងលក់កុំព្យូទ័រខ្លួនឯង។ ដោយសារចំណេះដឹងដែលទទួលបានថ្មីៗរបស់គាត់អ្នកនាងវាសនាបាននិងកំពុងសម្របខ្លួនទៅនឹងទីផ្សារអនឡាញដើម្បីរក្សាឱ្យអាជីវកម្មរបស់គាត់ដំណើរការបានក្នុងអំឡុងពេលវេលាដ៏លំបាកដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។

អ្នកនាងវាសនា បានថ្លែងថា “ខ្ញុំជឿថា ស្រ្តីអាចក្លាយជាអ្នកដឹកនាំ និងសម្រេចបានជោគជ័យ។ នៅពេលមានការរាតត្បាតជំងឺកូវីដ-១៩ អាជីវកម្មរបស់ខ្ញុំបានរងគ្រោះខ្លាំង ប៉ុន្តែដោយសារជំនាញធ្វើទីផ្សារឌីជីថលរបស់ខ្ញុំ ខ្ញុំអាចបង្កើនការលក់អនឡាញ ហើយយើងជួបភាពរុងរឿងម្តងទៀត។ ភាពជឿជាក់របស់ខ្ញុំគឺថាមិនត្រូវបោះបង់ចោលឡើយ បើទោះជាខ្ញុំមិនមានចំណេះដឹងគ្រប់គ្រាន់នៅពេលដំបូងក៏ដោយ ក៏ខ្ញុំបានបន្តរៀនសូត្រ និងតស៊ូ ហើយតែងតែព្យាយាមរៀនសូត្រពីបទពិសោធទាំងអស់”។

គិតត្រឹមខែមករា ឆ្នាំ២០២១ សហគ្រិនចំនួន ៦០០ នាក់ ត្រូវបានបណ្តុះបណ្តាលស្ថិតក្រោមកម្មវិធី #SheMeansBusiness ហើយនៅត្រឹមឆ្នាំ២០២៣ តួលេខនេះនឹងមានចំនួនយ៉ាងហោចណាស់១ ៧០០នាក់។

លោកហេង ភក្តីអ្នកគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Facebook ដែលបានចូលរួមក្នុងកិច្ចពិភាក្សាតាមអនឡាញនេះផងដែរបានថ្លែងថា នៅក្រុមហ៊ុនFacebook យើងប្តេជ្ញាចិត្តបង្កើតបរិយាកាសដែលជំរុញសហគ្រិនភាពក្នុងចំណោមស្រ្តី។ ក្នុងប្រទេសកម្ពុជាយើងបានចាប់ដៃគូជាមួយគម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជាដោយគាំទ្រដោយUSAIDដើម្បីផ្តល់ជូនកម្មវិធីបណ្តុះបណ្តាលស្ដីអំពីការធ្វើទីផ្សារឌីជីថលSheMeansBusinessនិងផ្តល់ជូនសហគ្រិនទាំងនេះនូវជំនាញដែលចាំបាច់ ដើម្បីដំណើរការ អាជីវកម្មនៅលើផ្លាតហ្វមឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here