ដោយៈ សាវុធ
ភ្នំពេញៈ ខណៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹងកូវីដ១៩កំពុងចាប់ផ្តើមដំណើរជាសកល អាជ្ញាធរទេសចរណ៍ឥណ្ឌា និងសិង្ហបុរីនឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ សម្រាប់អ្នកធុរកិច្ច (B2B) ស្តីពីការតភ្ជាប់ “ឥណ្ឌាទេសចរណ៍ឡើងវិញ” ដែលផ្តោតលើតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ TTWeekly នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
កិច្ចប្រជុំសិក្សាតាមប្រព័ន្ធអនឡាញ ដែលគ្រោងនឹងធ្វើឡើងចាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ មានគោលបំណងភ្ជាប់ឧស្សាហកម្មទេសចរណ៍ឥណ្ឌាឡើងវិញ ជាមួយអ្នកពាក់ព័ន្ធក្នុងទីផ្សារសំខាន់ៗ ដើម្បីត្រៀមសម្រាប់អាជីវកម្មត្រឡប់មកវិញ នៅពេលព្រំដែនបើក និងការរឹតបន្តឹងការធ្វើដំណើរមានភាពធូរស្រាលឡើងវិញ។
ក្រៅពីក្រសួងទេសចរណ៍ និងអង្គភាពទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ឈានមុខគេ ប្រតិបត្តិករសណ្ឋាគារស ប្រតិបត្តិករនាវាកម្សាន្ត និងប្រតិបត្តិកររថភ្លើងនឹងចូលរួមក្នុងកិច្ចប្រជុំសិក្សានេះ។
ឥណ្ឌានឹងធ្វើបច្ចុប្បន្នភាពពីការធ្វើដំណើរបែបពាណិជ្ជកម្ម អំពីទិសដៅថ្មី និងបទពិសោធន៍ដំណើរកម្សាន្តនៅថ្ងៃឈប់ សម្រាកលើការផ្តល់ជូននៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាការវិវត្តទៅរកកម្រិតមុនកូវីដ១៩។ ឥណ្ឌាក៏នឹងផ្តល់ព័ត៌មានអំពីពេលណាការរឹតត្បិតព្រំដែនអន្តរជាតិអាចមានភាពធូរស្រាល។
ឥណ្ឌាបានចាប់ផ្តើមចែកចាយវ៉ាក់សាំងធំបំផុតនៅទូទាំងពិភពលោក ហើយឥឡូវនេះកំពុងចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ បន្ទាប់ពីមានការរំខានមួយឆ្នាំ។
ខណៈពេលការធ្វើដំណើរអន្តរជាតិមិនទាន់បានចាប់ផ្តើមនៅឡើយ មេដឹកនាំទេសចរណ៍ឥណ្ឌាជឿថា ការរំខានដោយវិបត្តិកូវីដ១៩នឹងបញ្ចប់ ហើយការបន្តចរាចរបែបអន្តរជាតិនឹងខិតជិតមកដល់ហើយ។
ទេសចរណ៍ឥណ្ឌាសិង្ហបុរី (India Tourism Singapore) គឺជាការិយាល័យប្រចាំតំបន់របស់ក្រសួងទេសចរណ៍រដ្ឋាភិបាលឥណ្ឌា ដែលផ្សព្វផ្សាយទេសចរណ៍ពីឥណ្ឌាទៅអាស៊ាន និងតំបន់អូស្រ្តាលី៕