ដោយៈ សុខុម
អន្តរជាតិៈ ឯកសារទម្លាយថា លោក Eric Yuan ស្ថាបនិកក្រុមហ៊ុនកម្មវិធី Video Call ដែលមានឈ្មោះថា Zoom បានផ្ទេរភាគហ៊ុនប្រមាណ១៨លានភាគហ៊ុន ដែលមានតម្លៃសរុបជាង៦ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រុមហ៊ុន Zoom បានបញ្ជាក់ថា ការផ្ទេរនេះគឺទាក់ទងទៅនឹងការអនុវត្តផែនការអចលនទ្រព្យរបស់លោក Eric Yuan។ អ្នកនាំពាក្យដដែលបានបន្តថា “ការចែកចាយភាគហ៊ុននេះត្រូវបានធ្វើឡើងស្របតាមលក្ខខណ្ឌរបស់លោក Eric Yuan និងមូលនិធិរបស់ភរិយាលោក”។
ក្រុមហ៊ុន Zoom បានទម្លាយឯកសារផ្លូវការកាលពីថ្ងៃសុក្រ ទី៥ ខែមីនានេះថា លោក Eric Yuan ដែលមានឋានៈជានាយកប្រតិបត្តិក្រុមហ៊ុននេះដែរនោះ បានផ្ទេរប្រមាណ៤០% នៃភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុននេះទៅឱ្យអតា្ថគាហក (អ្នកទទួលផល) ដែលមិនត្រូវបានបញ្ជាក់។
ការផ្ទេរនេះធ្វើឡើង នៅពេលភាគហ៊ុនរបស់ក្រុមហ៊ុន Zoom បានហក់ឡើងជិត ៣ ដងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជំរុញឱ្យនិស្សិត និងអ្នកអាជីពងាកទៅទំនាក់ទំនងគ្នាតាមអនឡាញកាន់តែច្រើន។
យោងតាមឯកសារដដែលបង្ហាញថា ការផ្ទេរនេះត្រូវបានធ្វើឡើងជា ២ ចំណែកធំៗ ដោយមួយចំណែកៗមានប្រមាណ ៩ លានភាគហ៊ុន និងបញ្ជាក់ថាវាជាកាដូ៕