ដោយៈម៉ាណេត
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ និងរោងចក្រថ្មីចំនូន៨ ដែលមានទំហំទឹកប្រាក់៦៣.៣លានដុល្លារអាមេរិក គិតចាប់តាំងពីដើមខែកក្កដា រហូតមកដល់ពេលនេះ។
តបតាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនមួយចំនួនដូចជា ទី១ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៦កន្លែង។
ទី២ ក្រុមហ៊ុន “ HE CHENG XING PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។
ទី៣- “KANG HWA E & C (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ និងបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៤,៥មេហ្គាវ៉ាត់ (សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៣១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។
ទី៤- “CORIUM LEATHER (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវមានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៩១កន្លែង។
ទី៥ ក្រុមហ៊ុនមួយទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង។ ទី៦ – ក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ ខ្សែចំណងគ្រប់ប្រភេទ ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
ទី៧ ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ជ្រលក់ពណ៌ ផលិតម៉ាស់ និងក្រដាស់ខាត់ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។
ទី៨ ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមគំនូរ ស៊ុមរូបថត និងថ្នាំព័ណគំនូរ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង៕